(ញូដេលី)៖ ឥណ្ឌានឹងធ្វើតេស្ដរក COVID-19 ជាកាតព្វកិច្ចលើអ្នកដំណើរតាមជើងហោះហើរមកជាង១០ប្រទេស ក្នុងនោះរួមមានប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស ជាទីដែលវីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញជាបន្តបន្ទាប់។ នេះបើតាមក្រសួងសុខាភិបាលឥណ្ឌា ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលឥណ្ឌា ការសម្រេចចិត្តដាក់កាតព្វកិច្ខខាងលើនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី០១ ខែធ្នូខាងមុខនេះតទៅ ហើយវាកើតឡើងបន្ទាប់ពី បុរសម្នាក់ដែលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង មកដល់ឥណ្ឌាវិញកាលពីពេលថ្មីៗនេះត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ តែមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើបុរសរូបនេះបានឆ្លងវីរុសបំប្លែងថ្មី Omicron ឬវីរុសបំប្លែងថ្មីណាមួយឱ្យប្រាកដនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។

ក្រសួងបន្ថែមថាអ្នកដំណើរទាំងអស់មកពីតំបន់អឺរ៉ុប, អាហ្វ្រិកខាងត្បូង, ប្រេស៊ីល, បង់ក្លាដែស, បុតស្វាណា, ចិន, ម៉ូរីស (Mauritius), នូវែលសេឡង់, ហ្ស៊ីមបាបវេ, សិង្ហបុរី, ហុងកុង រួមទាំងអ៉ីស្រាអែល នឹងត្រូវឆ្លងកាត់ការធ្វើតេស្ដស្ដង់ដារ RT-PCR នៅឯអាកាសយានដ្ឋាន។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក៏បានស្នើសុំជាផ្លូវការរួចហើយដែរឱ្យក្រុមមន្ត្រីរបស់លោកពិនិត្យលើការសម្រេចចិត្តបើកដំណើរការឡើងវិញ នូវជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃទី១៥ ខែធ្នូខាងមុខតទៅ៕