(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៨,៨៩២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤២២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,២៩៨,០៤៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០១,៣១២នាក់ និងជាសះស្បើយឡើងសរុប ៣៩.០៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

លោកប្រធានាធិបតី ចូ បៃដិន បានណែនាំប្រជាជនអាមេរិកទាំងអស់ កុំឲ្យមានភាពតក់ស្លុតចំពោះវីរុសបំប្លែងថ្មី Omicron នោះឲ្យសោះ ខណៈសហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍នេះនៅឡើយ ហើយនឹងអាចពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថនានា ថាតើគួរមានវ៉ាក់សាំងថ្មីដើម្បីទប់ទល់វីរុសនេះ ដែរឬក៏យ៉ាងណា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥៤លានដូស ក្នុងនោះប្រជាជន ២៣១.៣៦លាននាក់ (៧០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥លាននាក់ (៥៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៣៧.៤៣លាននាក់ (១១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕