(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន បានណែនាំប្រជាជនអាមេរិកទាំងអស់ កុំឲ្យមានភាពតក់ស្លុតចំពោះវីរុសបំប្លែងថ្មី Omicron នោះឲ្យសោះ ខណៈសហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍នេះនៅឡើយ ហើយនឹងអាចពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថនានា ថាតើគួរមានវ៉ាក់សាំងថ្មីដើម្បីទប់ទល់វីរុសនេះ ដែរឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន REUTERS នាព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា «វីរុសបំប្លែងថ្មីនេះ គឺជាអ្វីមួយដែលបង្កក្តីព្រួយបារម្ភ តែមិនមែនបង្កភាពតក់ស្លុតនោះឡើយ។ យើងកំពុងរៀបចំប្រយុទ្ធ និងយកឈ្នះវីរុសបំប្លែងថ្មីនេះ»

អង្គការសុខភាពពិភពលោក (WHO) ក៏បានគូសបញ្ជាក់នៅថ្ងៃចន្ទសប្តាហ៍នេះ ផងដែរថា Omicron កើតចេញពីការបំប្លែងខ្លួនច្រើនលើក ដែលយើងពុំធ្លាប់បានឃើញកន្លងមកចំពោះវីរុស ហើយប្រាកដណាស់វាអាចមានសក្តានុពល បង្កឲ្យសោកនាដកម្មនៃជំងឺរាតត្បាតសកល COVID-19 កាន់តែរីកធំឡើង។ WHO បានសង្កត់ធ្ងន់ជាចុងក្រោយថា «ហានិភ័យជាសកលពាក់ព័ន្ធនឹង Omicron គឺពិតជាខ្ពស់ណាស់»

គួរបញ្ជាក់ថា ក្រៅពីការជំរុញទឹកចិត្តប្រជាជនអាមេរិកឲ្យរឹងមាំ លោក ចូ បៃដិន ថែមទាំងបានប្តេជ្ញាកាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ទៀតថា លោកនឹងមិនបិទទ្វារប្រទេស (lockdown) សាជាថ្មី ដើម្បីទប់ទល់ Omicron នោះឡើយ ប្រសិនបើសហរដ្ឋអាមេរិករកឃើញ វត្តមានវីរុសបំប្លែងថ្មីនេះ។ ប្រធានាធិបតីរូបនេះ នៅតែជំរុញឲ្យប្រជាជនអាមេរិក ចាក់វ៉ាក់សាំងឲ្យបានពេញលេញ និងចាក់ដូសជំរុញផងដែរ ហើយត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ៕