(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា បានថ្កោលទោសក្រុមអង្កេតការណ៍បោះឆ្នោតរបស់ សហភាពអឺរ៉ុប (EU) ថាជាក្រុមប្រព្រឹត្តអំពើ «ចារកម្ម» ហើយលោកបានចោទពួកគេថា ព្យាយាមបង្ខូចដំណើរការបោះឆ្នោតថ្នាក់តំបន់ របស់ប្រទេសលោក នៅក្នុងរបាយការណ៍បឋមរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ម៉ាឌូរ៉ូ បានថ្លែងយ៉ាងដូច្នេះថា «ពួកគេបានព្យាយាមបង្ខូចដំណើរការបោះឆ្នោតរបស់យើង ប៉ុន្តែពួកគេមិនអាចសម្រេចបានដូចបំណងឡើយ។ ប្រតិភូនៃក្រុមចារកម្ម គឺពួកគេមិនមែនជាអង្កេតការណ៍អ្វីឡើយ បានដើរហើរដោយសេរីនៅជុំវិញប្រទេសយើង ដើម្បីស៉ើបការណ៍សម្ងាត់អំពីស្ថានការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយរបស់វេណេស៊ុយអេឡា»

ការបោះឆ្នោតកាលពីចុងសប្តាហ៍កន្លងទៅនេះ គឺជាលើកទីមួយហើយ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ដែលសហភាពអឺរ៉ុបបានបញ្ជូនបេសកជន ឲ្យមកអង្កេតការណ៍លើដំណើរការបោះឆ្នោត នៅប្រទេសអាមេរិកឡាទីនមួយនេះ។ ក្រុមបេសកជននោះ រួមមានសមាជិកអ្នកអង្កេតការណ៍ចំនួន ១,០០០នាក់ ហើយពួកគេនឹងចេញរបាយការណ៍ពេលលេញ ក្នុងរយៈពេល ២ខែទៀត។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតលើកនេះ គណបក្សកាន់អំណាចរបស់លោក ម៉ាឌូរ៉ូ ទទួលបានជ័យជម្នះនៅតំបន់ភាគច្រើនមែន ប៉ុន្តែសំឡេងឆ្នោតបានថយចុះមកនៅត្រឹមជាង ៤លាននាក់ ធៀបនឹងសំឡេង ៥.៩លាននាក់ ដែលខ្លួនទទួលបាន កំលុងការបោះឆ្នោតថ្នាក់តំបន់ កាលពីឆ្នាំ២០១៧៕