(ហ្គ្រាម៉ូតីណូ, រុស្ស៊ី)៖ មនុស្សជាង ៥០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងហេតុការណ៍ផ្ទុះឆេះ នៅឯអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅក្នុងតំបន់ ស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមសារព័ត៌មានក្នុងស្រុករុស្ស៊ី មនុស្ស ៥២នាក់បានស្លាប់ ក្នុងនោះរួមមានកម្មករអណ្ដូងរ៉ែ និងក្រុមអ្នកជួយសង្រ្គោះ ០៦នាក់ ខណៈបើតាមសេចក្ដីរាយការណ៍បឋម មិនមាននរណាម្នាក់នៅរស់រានមានជីវិត ពីគ្រោះថ្នាក់នេះឡើយ។

អណ្ដូងរ៉ែ លីសត៍វីយ៉ាស្នាយ៉ា (Listvyazhnaya) មានទីតាំងស្ថិតនៅក្បែរទីក្រុង បេឡីវ៉ូ (Belovo) នៃតំបន់ គែមែរ៉ូវ៉ូ (Kemerovo) ត្រូវបានគេរាយការណ៍ថា មានផ្សែងហុយចេញពីអណ្ដូងរ៉ែនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចំពេលមនុស្ស ២៨៥នាក់ កំពុងស្ថិតនៅក្នុងអណ្ដូងរ៉ែនេះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ, មិនទាន់មានការបញ្ជាក់មូលហេតុ ដែលបានបង្កឱ្យមានសោកនាដកម្មនេះទេ តែអាជ្ញាធរុស្ស៊ីសន្និដ្ឋានជាបឋមថា វាអាចបង្កឡើងដោយការផ្ទុះសារធាតុគីមី មេតាន ហើយអ្នកគ្រប់គ្រងអណ្ដូងរ៉ែនេះជាច្រើននាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានបំពានលើបទដ្ឋានសុវត្ថិភាព៕