(សេអ៊ូល)៖ មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់ នូវលទ្ធភាពដែលប្រទេសកូរ៉េខាងជើងអាចរៀបចំ ព្រឹត្តិការណ៍ប្រាព្ធពិធីអបអរសាទរ ការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) កាលពីឆ្នាំ២០១៧ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រតិទិនរបស់ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមចំណាំយកថ្ងៃទី២៩ ខែវិច្ឆិកា ជាគំរប់ខួបសម្រាប់ការអភិវឌ្ឍ «គ្រាប់រ៉ុក្កែត» របស់ខ្លួន នៅឆ្នាំ២០២១នេះ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសពីការសម្រេចបានជាស្ថាពរនូវ កងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោក បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលមានឈ្មោះសម្គាល់ថា វ៉ាសុង ១៥ (Hwasong-15) នៅថ្ងៃ-ខែ ខាងលើ កាលពីឆ្នាំ២០១៧។

មន្ត្រីកូរ៉េខាងត្បូង បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងឃ្លាំមើលសញ្ញានៃការរៀបចំព្រឹត្តិការណ៍ប្រារព្ធពិធី ឬរបាយការណ៍ពាក់ព័ន្ធនានារបស់ប្រព័ន្ធផ្សព្វផ្សាយ ខណៈប្រតិទិនរបស់កូរ៉េខាងជើង បានចាប់ផ្តើមកត់ចំណាំគម្រប់ខួបជាលើកដំបូង នៅឆ្នាំនេះ»។ មន្ត្រីរូបនេះ បានបន្ថែមថា «យើងនឹងបន្តការតាមដាន ព្រោះមិនទាន់ឃើញមានការពន្យល់ជាផ្លូវការណាមួយ ពីគម្រប់ខួបនេះនៅឡើយ»

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងបន្តឆ្ពោះទៅមុខជាមួយនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដូចដែលបានឃើញនៅក្នុងការធ្វើតេស្តអាវុធថ្មីៗ កាលពីពេលកន្លងទៅ ក្នុងឆ្នាំ២០២១នេះ រួមមានការបាញ់សាកល្បងមីស៉ីលបាលីស្ទីក ចេញពីនាវាមុជទឹក (SLBM) កាលពីខែតុលាកន្លងទៅនេះជាដើម៕