(ព្រុចសែល)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល (Charles Michel) បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ ស្ដីពីស្ថានការណ៍នៅក្នុងប្រទេសបេឡារុស និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងជំនួបតាមទូរស័ព្ទនោះដែរ លោក Charles Michel បានប្រាប់លោក ពូទីន ត្រង់ៗថាសហភាពអឺរ៉ុបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការបង្កើនសកម្មភាព យោធារបស់រុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយការបន្ធួរបន្ថយភាពតានតឹង និងរក្សាស្ថិរភាពគឺជារឿងចាំបាច់បំផុត។ លោក Michel បានឱ្យដឹងពីជំនួបរវាង លោក និងលោក ពូទីន នៅក្នុងសារមួយបង្ហោះលើ Twitter ជាមួយការបញ្ជាក់បន្ថែមទៀតថាលោកក៏បានរំឮកលោកពូទីនផងដែរពីទំនួលខុសត្រូវរបស់រុស្ស៊ីចំពោះការ ផ្សះផ្សាជម្លោះនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍របស់វិមានក្រឹមឡាំង នៅក្នុងជំនួបជាមួយលោក Charles Michel លោក ពូទីនបានសង្កត់ធ្ងន់ថាផែនការដាក់ទណ្ឌកម្មថ្មីណាមួយពីសំណាក់សហភាពអឺរ៉ុបប្រឆាំងប្រទេសបេឡារុស នឹងមិនអាចស្ដារស្ថានការណ៍ឱ្យប្រសើរឡើងវិញបាននោះទេ ហើយថាការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក, គ្រាប់បែក ផ្សែង និងកាណុងបាញ់ទឹកលើជនអន្តោប្រវេសន៍ដោយអាជ្ញាធរប៉ូឡូញ គួរតែត្រូវបានបញ្ឈប់ ដើម្បីបញ្ចៀសកុំឱ្យវិបត្តិកាន់តែមានសភាពធ្ងន់ធ្ងរ៕