(ឡុងដ៍)៖ នៅពេលចិនត្រូវបានគេរាយការណ៍ថាបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ក្រុមអ្នកវិភាគមួយចំនួនបានប្រដូចការធ្វើតេស្ដនេះទៅនឹងព្រឹត្តិការណ៍ «Sputnik»។ កាលពីជាង ៦៤ឆ្នាំមុន អតីតសហភាពសូវៀតបានបាញ់បង្ហោះផ្កាយរណបឈ្មោះ «Sputnik» ដោយជោគជ័យដែលនេះបានបិទបញ្ចប់ភាពផ្ដាច់មុខរបស់ អាមេរិក និងធ្វើឱ្យប្រជាជនអាមេរិកយល់ថាពួកគេត្រូវរត់តាមពីក្រោយសូវៀត នៅក្នុងវិស័យទីអវកាស នាសម័យសង្រ្គាមត្រជាក់។

ថ្វីបើចិនបានអះអាងថាវត្ថុដែលខ្លួនបានបាញ់បង្ហោះជាផ្កាយរណបធម្មតា មិនមែនជាមីស៊ីលល្បឿនលឿនជាងសំឡេងក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែជឿជាក់ថា វាគឺជាអាវុធមានល្បឿនលឿនជាងសំឡេង ហើយព្រួយបារម្ភជាខ្លាំងចំពោះការធ្វើតេស្ដ។ តួយ៉ាង នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្ដមសេនីយ៍ Mark Milley ក៏ធ្លាប់បានបង្ហាញពីក្ដីកង្វល់ចំពោះការរីកចម្រើនទៅមុខរបស់ចិនក្នុងការអភិវឌ្ឍអាវុធប្រភេទនេះផងដែរ ខណៈក្រុមមន្ត្រីអាមេរិកកាន់តែច្រើនឡើងមានការ ព្រួយបារម្ភ ជាពិសេសក្រោយមានរបាយការណ៍ថ្មីមួយទើបតែចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

របាយការណ៍ដដែលបានឱ្យដឹងថាមីស៊ីលមានល្បឿនលឿនជាងសំឡេងរបស់ចិនមានសមត្ថភាពអាចធ្វើដំណើរ ឬហោះក្នុងល្បឿនលឿនជាងសំឡេង៥ដង នៅរយៈ កម្ពស់ទាប, អាចទម្លុះប្រព័ន្ធរ៉ាដា។ ប៉ុន្តែហេតុអ្វីបានជាអាមេរិកមានព្រួយបារម្ភបែបនេះ? បើតាមអ្នកវិភាគដូចជាលោក Cahal Milmo យល់ថាមានហេតុផលមួយដែល ធ្វើឱ្យអាមេរិកបារម្ភ នោះគឺទីក្រុងវ៉ាស៊ីនតោនចាប់ផ្ដើមគិតថាខ្លួនឯងកំពុងធ្លាក់ចូលក្នុងការរត់ប្រណាំងសព្វាវុធ និងទីអវកាសថ្មីមួយ ជាមួយចិនផង និងរុស្ស៊ីផងដែល ទើបតែត្រូវបានគេរាយការណ៍ថាបានធ្វើតេស្ដបាញ់កម្ទេចផ្កាយរណបកាលពីសប្ដាហ៍មុន។

លើសពីនេះទៅទៀត លោកឧត្ដមសេនីយ៍ David Thompson ជាអនុប្រធានប្រតិបត្តិការទីអវកាសនៃកងទ័ពអវកាសអាមេរិក ថែមទាំងបានទទួលស្គាល់កាលពីចុង សប្ដាហ៍នេះដែរថាសមត្ថភាពមីស៊ីលល្បឿនលឿនជាងសំឡេង នឹងបង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់ប្រព័ន្ធខែលការពារមីស៊ីលអាមេរិកដែលមានស្រាប់
នាពេលបច្ចុប្បន្ន ដ្បិតអាវុធប្រភេទនេះអាចប្ដូរទិសដៅភ្លាមៗ និងធ្វើឱ្យគេពិបាកក្នុងការវិនិច្ឆ័យថាតើវាបង្កគ្រោះថ្នាក់ធំប៉ុនណា?

តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញជាច្រើនជឿជាក់ថាការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន នឹងមិនអាចកែប្រែតុល្យភាពអំណាចយោធាជាមួយ អាមេរិកបានភ្លាមៗនោះទេ។ អ្នកជំនាញផ្នែកការពារជាតិ គឺលោក Ryan Harden មកពីវិទ្យាស្ថាន Royal United Services Institute មានមូលដ្ឋាននៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានអះអាងថាការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន មើលទៅជាសារព្រមានមួយ ជាជាងមានបំណងផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ ពិភពលោក។

លោក Ryan Harden បានបញ្ជាក់ដូច្នេះថា «ជំហររបស់យើង នោះគឺការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន នឹងមិនអាចកែប្រែតុល្យភាពកម្លាំងយោធា បានភ្លាមៗឡើយ។ ប៉ុន្តែ ប្រសិនបើចិននៅតែអភិវឌ្ឍបច្ចេកវិទ្យាអាវុធនេះដោយមិនមានការត្រួតពិនិត្យពីអន្តរជាតិ នោះច្បាស់ណាស់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ តុល្យភាពអំណាចយោធានៅពេលអនាគត។ ដូច្នេះវាអាស្រ័យទៅលើអាមេរិក និងសម្ព័ន្ធមិត្តថាតើពួកគេត្រូវធ្វើដូចម្ដេច ដើម្បីធានាបានថាតល្យភាពកម្លាំងយោធា នឹងមិនល្អៀងទៅរកចិន៕

ប្រភព៖ inews.co.uk (ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១)