(យូអិន)៖ បេសកជនចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសលីប៊ី ជម្នះឱ្យបាននូវរាល់ការខ្វែងគំនិតគ្នា និងជំរុញដំណើរការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូននៅខែធ្នូ ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក តាយ ពីង (Dai Bing) អ្នកតំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីការងាររបស់តុលាការព្រហ្មទណ្ឌមអន្តរជាតិ (ICC) ទាក់ទងនឹងប្រទេសលីប៊ីថា ប្រទេសចិនលើកទឹកចិត្តដល់គ្រប់ភាគីទាំងអស់ ឱ្យដោះស្រាយបញ្ហាជម្លោះរបស់ពួកគេ ជុំវិញការបោះឆ្នោត តាមរយៈការសន្ទនា និងមធ្យោបាយសន្តិភាពផ្សេងទៀត។

លោក Dai Bing បានថ្លែងបន្ថែមទៀតថា «យើងអំពាវនាវឱ្យកងកម្លាំងបរទេស និងទាហានស៊ីឈ្នួលទាំងអស់នៅក្នុងប្រទេសលីប៊ី បញ្ចប់ការដកខ្លួនរបស់ពួកគេ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ស្របតាមផែនការសកម្មភាពពាក់ព័ន្ធ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ដំណើរការនយោបាយនៅក្នុងប្រទេសលីប៊ី»។

គួរបញ្ជាក់ថា ប្រទេសចិនបានបង្ហាញជាថ្មី អំពីជំហរឥតងាករេទាក់ទងនឹងប្រទេសលីប៊ី ដោយលោក Dai Bing បានលើកឡើងថា ប្រទេសចិនរំពឹងថា ICC នឹងអនុវត្តតាមគោលការណ៍ នៃយុត្តាធិការបំពេញបន្ថែម ក្នុងការដោះស្រាយបញ្ហានៅប្រទេសលីប៊ី, ការគោរពអធិបតេយ្យភាពតុលាការរបស់លីប៊ី និងដើរតួនាទីបែបវិជ្ជមាន និងស្ថាបនាក្នុងការជំរុញដំណើរការសន្តិភាព និងការផ្សះផ្សាជាតិនៅក្នុងប្រទេសលីប៊ី៕