(ប៊ែរឡាំង)៖ ស្វាមីរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel គឺលោក ចូជីម សៅអឺ (Joachim Sauer) បានហៅពលរដ្ឋអាល្លឺម៉ង់ដែលមិនទាន់បានចាក់ វ៉ាក់សាំងបង្ការ COVID-19 ថាជា «មនុស្សកម្ជិល» ជាមួយការអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងប៊ែរឡាំងគិតគូរពិចារណាពីកាតព្វកិច្ចចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់រលកឆ្លង ថ្មីនៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Joachim Sauer ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៉ីតាលី La Repubblica នៅថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលករណីឆ្លង COVID-19 នៅក្នុងប្រទេសអាល្លឺម៉ង់ និងតំបន់អឺរ៉ុបខាងលិចទាំងមូលស្ទុះងើបឡើងវិញ។ ថ្លែងនាឱកាសនោះ លោក Joachim Sauer បានសង្កត់ធ្ងន់ដូច្នេះថា «ជារឿង ដ៏ភ្ញាក់ផ្អើលដែលប្រជាជន ១ភាគ៣ មិនបានគោរពតាមរបកគំហើញវិទ្យាសាស្ត្រ... ហើយការកើនឡើងករណីឆ្លងជាថ្មីមានមួយផ្នែកគឺដោយសារតែពលរដ្ឋអាល្លឺម៉ង់
ជាមនុស្សកម្ជិលមួយចំនួន»

គួរបញ្ជាក់ថា ការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19 នៅក្នុងប្រទេសអាល្លឺម៉ង់ មានមួយផ្នែកគឺដោយសារតែអត្រាចាក់វ៉ាក់សាំងបង្ការនៅមានកម្រិតទាប បើធៀប ទៅនឹងបណ្ដាប្រទេសអឺរ៉ុបខាងលិចដទៃដូចជាបារាំង អ៉ីតាលី ឬអេស្ប៉ាញ ដោយគិតមកទល់នឹងពេលនេះ ៦៨ភាគរយប៉ុណ្ណោះនៃប្រជាជនអាល្លឺម៉ង់បានទទួលការចាក់ វ៉ាក់សាំងបង្ការពេញលេញ ឬ ២ដូស៕