(សិង្ហបុរី)៖ ជំនួបកំពូលតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះត្រូវបានគេមើលឃើញថានឹងមិនសម្រេចបាននូវលទ្ធផលផ្លែផ្កា ឬច្រកចេញធំដុំអ្វីនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ជំនួបនេះពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសទាំង២ ដោយវាជាឱកាសឱ្យមេដឹកនាំអាមេរិក-ចិន គ្រប់គ្រងកុំឱ្យភាពតានតឹងសព្វថ្ងៃ ផ្ទុះទៅជាជម្លោះប្រដាប់អាវុធ។ នេះបើតាមលោក Bert Hofman ជានាយកវិទ្យាអាស៊ីខាងកើត (East Asian Institute)។

សម្រាប់ភាគីចិន, ជំនួបកំពូលរវាងលោក បៃដិន និងលោក ស៊ី ជិនពីង គឺជាជោគជ័យមួយដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងថាជំនួបកំពូលនេះបានប្រព្រឹត្តទៅប្រកបដោយភាពស៊ីជម្រៅ, ស្មោះត្រង់, ស្ថាបនា, ច្បាស់លាស់ និងលទ្ធផលផ្លែផ្កាដែលនឹងជួយឱ្យចិន និងអាមេរិកកាន់តែយល់ពីគ្នាទៅវិញទៅមក។

* ចិន និងអាមេរិក សុទ្ធតែជាប់ដៃដោះស្រាយបញ្ហានៅក្នុងស្រុក

រដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងផ្ដោតសំខាន់ជាអាទិភាពលើការដោះស្រាយបញ្ហានៅក្នុងស្រុក ជាពិសេសគឺការឆ្លង រាតត្បាត COVID-19 តែម្ដង ដែលអាចជាមូលហេតុមួយធ្វើឱ្យជំនួបទល់មុខរវាងលោក បៃដិន និងលោក ស៊ី ជិនពីងត្រូវពន្យារពេល នាពេលកន្លងមក។

លោក បៃដិន និងលោក ស៊ី ជិនពីង ដែលបានស្គាល់គ្នាទៅវិញទៅមកអស់រយៈពេលច្រើនជាងមួយទសវត្សរមកនេះ មិនបានជួបមុខគ្នាដោយផ្ទាល់ ចាប់តាំងពី លោក បៃដិនឡើងស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ដើមឆ្នាំ២០២១នេះ ហើយដែលនេះគឺជាការរង់ចាំរៀបចំជំនួបកំពូលយូរបំផុត មួយគិតចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton បានជួបជាមួយអតីតប្រធានាធិបតីចិនលោក Jiang Zemin កាលពីឆ្នាំ១៩៩៣។
ក្នុងឆ្នាំ២០២១ នេះ លោក ស៊ី ជិនពីង បានផ្ដោតជាអាទិភាពលើការគ្រប់គ្រង COVID-19, ការរៀបចំខួប១០០ឆ្នាំ នៃថ្ងៃបង្កើតគណបក្សកម្មុយនិស្ដចិន និងការរៀបចំកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណបក្សកម្មុយនិស្ដចិន ព្រមទាំងការរៀបចំសមាជកបក្សលើកទី២ នៅឆ្នាំ២០២២ផងដែរ។

ដោយឡែកដូចគ្នាទៅនឹងលោក ស៊ី, លោក បៃដិនក៏កំពុងផ្ដោតលើបញ្ហានៅក្នុងស្រុក នោះគឺការដោះស្រាយវិបត្តិ COVID-19 បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធមានទំហំ ១.២ទ្រីលានដុល្លារ។ នៅឯលើឆាកអន្តរជាតិ, លោក បៃដិន ក៏មានការងារជាអាទិភាពច្រើន គួរសមដែរ នោះគឺស្ដារទំនាក់ទំនងឡើងវិញជាមួយសម្ព័ន្ធមិត្តស្នូលសំខាន់ៗ ដោយក្នុងរយៈពេលជិតមួយឆ្នាំមកនេះ លោកបានពង្រឹងទំនាក់ទំនងជាមួយ NATO, នាំអាមេរិកត្រឡប់ចូលក្នុងអង្គការសុខភាពពិភពលោក WHO និងកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុឡើងវិញ, ពង្រឹងសម្ព័ន្ធភាព Quad ព្រមទាំងការបង្កើតសម្ព័ន្ធភាពត្រីភាគី AUKUS ជាមួយអូស្ត្រាលី និងអង់គ្លេស។

នារយៈពេលប៉ុន្មានខែចុងក្រោយនេះ, ចិនបានព្រមានអាមេរិកចំពោះការបង្កើតសម្ព័ន្ធភាពណាមួយក្នុងចេតនាគ្រប់គ្រងចិន ដោយចង់សំដៅលើសម្ព័ន្ធភាព Quad និង AUKUS។ ប៉ុន្តែ ជំហរតឹងរ៉ឹងបែបនេះរបស់ចិនស្រាប់តែផ្លាស់ប្ដូរ បន្ទាប់ពីលោក បៃដិន និងលោក ស៊ី ជិនពីន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ និង ក្រោយលោក បៃដិន អះអាងនៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថាសហរដ្ឋអាមេរិក មិនមានបំណងធ្វើសង្រ្គាមត្រជាក់ជាថ្មី ណាមួយឡើយ។ ការលើកឡើងបែបនេះរបស់លោក បៃដិន ទទួលបានការសាទរពីចិន ហើយវាអាចជាហេតុផលមួយនាំឱ្យមានជំនួបកំពួលតាមវីដេអូ និងការ ឯកភាពគ្នាលើកិច្ចព្រមព្រៀងអាមេរិក-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការលើបញ្ហាអាកាស ធាតុ។

* ជោគជ័យនៅក្រោមការថយចុះកម្ដៅនៃភាពតានតឹង

លទ្ធផលដ៏សំខាន់បំផុតនៃជំនួបកំពូលរវាងលោក បៃដិន និងលោក ស៊ី ជិនពីង នោះគឺជោគជ័យនៅក្នុងការធ្វើឱ្យភាពតានតឹងនៃទំនាក់ទំនងទ្វេភាគីរវាង
ប្រទេសទាំង២ ថយចុះកម្ដៅ។ ទាំងលោក បៃដិន និងលោក ស៊ី ជិនពីង សុទ្ធតែបានសង្កត់ធ្ងន់ដូចគ្នាពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងល្អ, ទំនួលខុសត្រូវ ចំពោះពិភពលោក, ការពិភាក្សាដោយបើកចំហ និងស្មោះត្រង់។

នៅក្នុងជំនួបចាយពេលជិត ៤ម៉ោង, លោក បៃដិន និងលោក ស៊ី ជិនពីងបានពិភាក្សាគ្នាលើបញ្ហាជាច្រើនរាប់ចាប់ពីតៃវ៉ាន់, សមុទ្រចិនខាងត្បូង, អាហ្វហ្កានីស្ថាន, អ៉ីរ៉ង់, កូរ៉េខាងជើង, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, បច្ចេកវិទ្យា និងនយោបាយ រួមទាំងសិទ្ធិមនុស្ស, ទីក្រុងហុងកុង, ការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រង COVID-19 និងទីក្រុងហុងកុង ហើយដែលនៅក្នុងចំណោមបញ្ហាទាំងអស់នេះ មានបញ្ហាខ្លះអាចឱ្យអាមេរិក និងចិនធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា បាន។

កាន់តែពិសេសជាងនេះទៅទៀត, អ្វីដែលសំខាន់ គឺនៅពេលដែលលោក បៃដិន បានបញ្ជាក់ជាថ្មីថាសហរដ្ឋអាមេរិក នៅតែគោរពតាម «គោលនយោបាយ ចិនតែមួយ»។ ជាក់ស្ដែង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានលើកឡើងជុំវិញបញ្ហាកោះតៃវ៉ាន់, លោក បៃដិន បានសង្កត់ធ្ងន់ថាអាមេរិកនៅតែ បន្តប្ដេជ្ញាចិត្តអនុវត្តគោលនយោបាយចិនតែមួយ អមជាមួយច្បាប់ស្ដីពីទំនាក់ទំនងតៃវ៉ាន់, សេក្ដីថ្លែងការណ៍រួមចំនួន៣ និងការធានាចំនួន៦ ហើយថាទីក្រុងវ៉ាស៊ីនតោន ប្រឆាំងដាច់ខាតចំពោះសកម្មភាពឯកតោភាគីដែលមានចេតនាផ្លាស់ប្ដូរ «ស្ថានភាពដើម» ឬបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំង តំបន់ច្រកសមុទ្រតៃវ៉ាន់។

សេចក្ដីថ្លែងការណ៍បែបនេះរបស់សេតវិមានអាចត្រូវបានចិន បកស្រាយថាសហរដ្ឋអាមេរិក ប្រឆាំងនឹងការទាមទារឯករាជ្យភាពរបស់តៃវ៉ាន់។ បើតាមការចុះ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ លោក បៃដិន ក៏បានធានាចំពោះលោក ស៊ី ជិនពីងផងដែរថាអាមេរិកនឹងមិនព្យាយាមផ្លាស់ប្ដូរប្រព័ន្ធនយោបាយ របស់ចិន ហើយក៏នឹងមិនស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឆាំងនឹងចិន ក៏ដូចជាគ្មានបំណងបង្កជម្លោះជាមួយចិននោះទេ។

ការធានាខាងលើរបស់លោក បៃដិន ហាក់ដូចជាបន្ធូរការព្រួយបារម្ភរបស់ចិន បន្ទាប់ពីអតីតក្រុមមន្ត្រីអាមេរិកនៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់បាន និយាយត្រង់ៗពីការបំផ្លាញប្រព័ន្ធនយោបាយរបស់ចិន និងគណបក្សកុម្មុយនិស្ដចិន។ នេះអាចនិយាយបានថាជាយុទ្ធសាស្ត្រថ្មីមួយដែលអាមេរិកមិនចង់ ផ្លាស់ប្ដូរចិន ប៉ុន្តែចង់គ្រប់គ្រងទំនាក់ទំនង និងគិតគូរពីផលប្រយោជន៍ ឬតម្លៃស្នូលរបស់ខ្លួន។

ជំនួបកំពូលតាមប្រព័ន្ធវីដេអូរវាងលោក បៃដិន និងលោក ស៊ី ជិនពីង អាចនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកការងារកម្រិតការទូត ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលជាក្ដីកង្វល់របស់ភាគីទាំង២ ប៉ុន្តែមិនមែនគ្រប់បញ្ហានោះទេ។ នៅត្រង់នេះសំណួរដ៏សំខាន់មួយ គឺថាតើអាមេរិក និងចិន អាចកាច់ចង្កូតទំនាក់ទំនងរបស់ ពួកគេដោយរបៀបណា ខណៈមហាអំណាចទាំង២ មានប្រព័ន្ធសេដ្ឋកិច្ចខុសគ្នា និងទស្សនវិស័យខុសគ្នាលើសណ្ដាប់ធ្នាប់អន្តរជាតិ៕

ប្រភព៖ CNA (ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១)