(អេក្វាទ័រ)៖ អាជ្ញាធរនៃប្រទេសអេក្វាទ័រ បានឱ្យដឹងថាអ្នកទោសយ៉ាងហោច ៦៨នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុង ជម្លោះវាយប្រយុទ្ធគ្នារវាងពួកបងធំជួញដូរគ្រឿងញៀន នៅក្នុងពន្ធនាគារ ប៉េនីតិនស៊ីយ៉ារ៉ា ដែល លីតូរ៉ា (Penitenciaria del Litoral) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយសោកនាដកម្មនេះកើតឡើង, ប្រធានាធិបតីអេក្វាទ័រ លោក ហ្គីយ៉ែរម៉ូ ឡាសសូ (Guillermo Lasso) បានបញ្ចេញបញ្ជាឱ្យបើកការស៊ើបអង្កេត ជាបន្ទាន់ ខណៈស្ថានភាពនៅឯពន្ធនាគារ Penitenciaria del Litoral ស្ថិតនៅក្នុងទីក្រុង ហ្គាយ៉ាហ្គីល (Guayaquil) នៃភាគខាងត្បូងប្រទេស កំពុង ស្ថិតនៅក្រោមការគ្រប់គ្រង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងទៅនេះ, អ្នកទោស ១១៨នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ជម្លោះស្រដៀងគ្នានេះដែរ នៅឯ ពន្ធនាគារ Penitenciaria del Litoral ក្នុងទីក្រុង Guayaquil ហើយបើតាមអាជ្ញាធរអេក្វាទ័រ ជម្លោះរវាងពួកបងធំគ្រឿងញៀនបានផ្ដាច់ជីវិតមនុស្សាច្រើនជាង ៣០០នាក់ហើយ នៅក្នុងឆ្នាំ២០២១នេះ៕