(មែលប៊ន)៖ ប្រទេសអូស្ត្រាលី អាចនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់កុមារមានអាយុក្រោម ១២ឆ្នាំ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt អាជ្ញាធនិយតករវេជ្ជសាស្ត្រ នៅតែបន្តត្រួតពិនិត្យទិន្នន័យសុខាភិបាល និងសុវត្ថិភាព នៅឡើយសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុចន្លោះពី៥ និង១១ឆ្នាំ ហើយការសម្រេចចិត្តណាមួយទំនងជាមិនអាចធ្វើឡើងទេ នៅក្នុងឆ្នាំ២០២១នេះ។

លោក Greg Hunt បន្ថែមទៀតថាអូស្ត្រាលីទំនងជាអាចនឹងចាក់វ៉ាក់សាំងបង្ការលើកុមារមានអាយុក្រោម ១២ឆ្នាំ នៅខែមករា ឆ្នាំ២០២២។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ, អូស្ត្រាលីសម្រេចបានការចាកវ៉ាកសាំងបង្ការ COVID-19 ៩០ភាគរយនៃអ្នកចាក់វ៉ាក់សាំងដូសទី១ មានអាយុ១៦ឆ្នាំឡើងទៅ និង ៨៣ភាគរយនៃអ្នកចាក់វ៉ាក់សាំងបាន ២ដូស។ អូស្ត្រាលី ក៏បានចាក់វ៉ាក់សាំងបង្ការដល់កុមារដែលមានអាយុចន្លោះពី ១២ឆ្នាំ និង១៥ឆ្នាំ បាន ៥៧.៧ភាគរយផងដែរ៕