(ឡុងដ៍)៖ មន្ត្រីយោធាអង់គ្លេសជាន់ខ្ពស់ម្នាក់បានព្រមានថាហានិភ័យនៃការផ្ទុះសង្រ្គាមដោយចៃដន្យរវាងរុស្ស៊ី និងលោកខាងលិច នាពេលបច្ចុប្បន្ន មានភាពធំធេងជាងអំឡុងសម័យសង្រ្គាមត្រជាក់ទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Times ដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ លោកឧត្ដមសេនីយ៍ Nick Carter ជានាយសេនាធិកងទ័ពអង់គ្លេស បានលើកឡើងដូច្នេះថា «ខ្ញុំគ្រាន់តែគិតថាយើងកំពុងស្ថិតនៅក្នុងពិភពមួយ ដែលពោរពេញដោយប្រកួតប្រជែងខ្លាំងជាង១០ ឬ១៥ឆ្នាំ មុនទៅទៀត ហើយខ្ញុំយល់ថាធម្មជាតិនៃការប្រជែងគ្នារវាងបណ្ដារដ្ឋ និងកំពូលមហាអំណាច នឹងនាំទៅរកភាពតានតឹងដែលយើងទាំងអស់គ្នាត្រូវតែតាមដាន ព្រោះវាមានហានិភ័យផ្ទុះសង្រ្គាមខ្ពស់ជាងពេលណាៗទាំងអស់»

គួរបញ្ជាក់ថា ការព្រមានរបស់លោក Nick Carter កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានអះអាងថារុស្ស៊ីបានដាក់ពង្រាយកងទ័ពរហូតដល់ទៅជិត ១០០,០០០នាក់ នៅក្បែរព្រំដែនអ៊ុយក្រែន។ ក្រៅពីលោក Carter មន្ត្រីជាន់ខ្ពស់អាមេរិកក៏បានព្រមានពីហានិភ័យផ្ទុះសង្រ្គាមជាមួយរុស្ស៊ីផងដែរ ប៉ុន្តែខាងទីក្រុងម៉ូស្គូបានបដិសេធថាខ្លួនមិនមានគម្រោងបើក ការវាយប្រហារណាមួយឡើយ៕