(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថារុស្ស៊ីបានដាក់ពង្រាយកងទ័ពរហូតដល់ ទៅជិត ១០០,០០០នាក់ នៅក្បែរព្រំដែនអ៊ុយក្រែន ខណៈបណ្ដាប្រទេសលោកខាងលិចបានចែករំលែកព័ត៌មានពីសកម្មភាពកងទ័ពរុស្ស៊ីជាមួយ ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការអះអាងខាងលើរបស់លោក Volodymyr Zelenskiy ធ្វើឡើងនៅក្នុងវីដេអូសុន្ទរកថាមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅលើគេហទំព័រផ្ទាល់ខ្លួនមួយ របស់លោក។ លោក Zelenskiy បានបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំសង្ឃឹមថាពិភពលោកទាំងមូលអាចនឹងបានមើលឃើញថាតើនរណាចង់បានសន្តិភាព ពិតប្រាកដ ហើយថាតើនរណា (រុស្ស៊ី) ដែលបានដាក់ពង្រាយកងទ័ពជិត ១០០,០០០នាក់ នៅក្បែរព្រំដែនរបស់យើង»

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកកន្លងទៅនេះ, ក្រសួងការពារអ៊ុយក្រែនក៏បានឱ្យដឹងដែរថារុស្ស៊ីបានដាក់ពង្រាយកងទ័ព ៩០,០០០នាក់ នៅក្បែរ តំបន់ព្រំដែនអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកបានព្រមានប្រាប់សហភាពអឺរ៉ុបត្រង់ៗថារុស្ស៊ីកំពុងត្រៀមខ្លួនបើកការវាយប្រហារណាមួយលើ អ៊ុយក្រែន។ ប៉ុន្តែ ខាងទីក្រុងម៉ូស្គូបានបដិសេធថាខ្លួនមិនមានផែនការបើកការវាយប្រហារណាមួយឡើយ តែថានឹងចាត់វិធានការភ្លាមៗ បើមានការ បង្ករឿងកើតឡើង៕