(ក្លាសកូវ)៖ សន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ COP26 បានបិទបញ្ចប់ហើយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ជាមួយការព្រមព្រៀងលើកិច្ចព្រមព្រៀងជាសកលថ្មីមួយ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅថ្ងៃចុងក្រោយនៃសន្និសីទ COP26, ក្រុមអ្នកចរចាបានឯកភាពគ្នាលើមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសពាក់ព័ន្ធនឹងយន្ដការទីផ្សារ កាបោន ដែលនេះនឹងក្លាយជាការត្រួសត្រាយផ្លូវមួយ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសយ៉ាងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ ព្រមទាំងការបញ្ឈប់ប្រើប្រាស់ធ្យូងថ្មជាដំណាក់កាលបន្តិចម្ដងៗ។

គួរបញ្ជាក់ថា នៅក្នុងកំឡុងសន្និសីទ COP26, ប្រទេសច្រើនជាង១០០ ក៏បានសន្យាផងដែរថានឹងលុបបំបាត់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ២០៣០ ហើយនៅថ្ងៃចុងក្រោយនៃសនិ្នសីទកំពូលនេះ ដែលរៀបចំឡើងក្នុងទីក្រុងក្លាសកូវ ប្រទេសស្កុតលែន, ចិន និងសហរដ្ឋអាមេរិកថែមទាំងបានចេញ សេចក្ដីថ្លែងការណ៍រួមស្ដីពីការពង្រឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងទសវត្សរឆ្នាំ២០២០នេះ។ ប៉ុន្តែទោះជាបែបនេះក្ដី បញ្ហាមួយចំនួនជាពិសេសការផ្ដល់ជំនួយហិរញ្ញវត្ថុពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ៕