(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានចិនពាក់ព័ន្ធនឹងការដាក់សម្ពាធរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ នៅមុនជំនួបកំពូលរវាងលោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើឡើងនៅដើមសប្ដាហ៍ក្រោយនេះ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាក្រៅតែពីការព្រមាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបង្ហាញក្ដីព្រួយបារម្ភផងដែរចំពោះការបន្តដាក់សម្ពាធតាមរយៈការធ្វើសកម្មភាពយោធា, ការទូត និងសេដ្ឋកិច្ច ពីសំណាក់ទីក្រុងប៉េកាំង ប្រឆាំងនឹងកោះតៃវ៉ាន់។

គួរបញ្ជាក់ថា ការព្រមានរបស់លោក Antony Blinken ធ្វើឡើងនៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅមុនជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងលោក បៃដិន និងលោក ស៊ី ជិនពីង ដែលអាចនឹងកើតឡើង នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងប៉េកាំង) ដែលត្រូវនឹងល្ងាចថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)។ នៅក្នុងឆ្នាំ២០២១ នេះ ជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន បានប្រព្រឹត្តទៅ ២លើករួចមកហើយ ប៉ុន្តែគឺតាមរយៈខ្សែទូរស័ព្ទប៉ុណ្ណោះ៕