(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការចោទប្រកាន់ដែលថាទីក្រុងម៉ូស្គូ បានជួយរៀបចំបង្កើតវិបត្តិជនអន្តោប្រវេសន៍នៅឯតំបន់ព្រំដែន រវាងប្រទេសបេឡារុស និងប៉ូឡូញ ដើម្បីបង្កភាពស្មុគស្មាញដល់សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ និងជាការវាយបកទៅនឹងការចោទប្រកាន់ថារុស្ស៊ី កំពុងសហការជាមួយបេឡារុស ក្នុងការបើកដៃឱ្យជនអន្តោប្រវេសន៍មកពីតំបន់មជ្ឈិមបូព៌ារាប់រយនាក់ចូលទៅកាន់ព្រំដែនសហភាពអឺរ៉ុប។ លោក ពូទីន បានបញ្ជាក់ យ៉ាងខ្លីដូច្នេះថា «ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាបានដឹង។ យើងមិនបានបង្កើតវិបត្តិជនអន្តោប្រវេសន៍អ្វីនោះទេ»

គួរបញ្ជាក់ថា បើតាមលោក ពូទីនមេដឹកនាំអឺរ៉ុបចាំបាច់ត្រូវការពិភាក្សាជាមួយប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសឈិនកូ (Alexander Lukashenko) ដើម្បីព្យាយាមដោះស្រាយវិបត្តិជនអន្តោប្រវេសន៍។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏បានបន្ទោសផងដែរថាវិបត្តិជនអន្តោប្រវេសន៍សព្វថ្ងៃគឺបង្កឡើងដោយ នយោបាយរបស់បណ្ដាប្រទេសលោកខាងលិច នៅក្នុងតំបន់មជ្ឈិមបូព៌ា៕