(ម៉ានីល)៖ កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ (Rodrigo Duterte) គឺលោកស្រី សារ៉ា ឌូតឺតេ-ខាពីយ៉ូ (Sara Duterte-Carpio) នៅថ្ងៃសៅរ៍នេះ បានចុះឈ្មោះជាបេក្ខជនអនុប្រធានាធិបតីហ្វីលីពីន សម្រាប់ការបោះឆ្នោតសកល ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកនាំពាក្យរបស់លោកស្រី Sara Duterte-Carpio គឺលោកស្រី គ្រីស្ទីណា ហ្កាសៀ-ហ្វ្រាស្កូ (Christina Garcia Frasco) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Sara Duterte-Carpio ដែលមានអាយុ៤៣ឆ្នាំ បានចូលរួមក្នុងការប្រកួតប្រជែងយក តំណែងជាអនុប្រធានាធិបតីហ្វីលីពីន តាមរយៈការជំនួស បន្ទាប់បេក្ខជនដើមនៃគណបក្សនយោបាយរបស់លោកស្រី បានដកខ្លួនចេញ។

លោកស្រី សារ៉ា បានចុះឈ្មោះជាបេក្ខជនអនុប្រធានាធិបតី នៅក្រោមគណបក្ស Lakas-CMD ដែលមានលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) ជាកូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស ដែលបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតី។

ការសម្រេចចិត្តរបស់លោកស្រី សារ៉ា ក្នុងការស្វែងតំណែងជាអនុប្រធានាធិបតីនេះ គឺជាការភ្ញាក់ផ្អើលមួយ ខណៈដែលលោកស្រីបានទទួលការគាំទ្រ នៅក្នុងការស្ទង់មតិអស់រយៈពេលពេញមួយឆ្នាំនេះ ជាបេក្ខជនប្រធានាធិបតី។

គួរបញ្ជាក់ថា ហ្វីលីពីនជាមួយប្រជាជន ១១០លាននាក់ នឹងរៀបចំការបោះឆ្នោតសកលនៅខែឧសភា ឆ្នាំ២០២២ សម្រាប់តំណែងចាប់ពីប្រធានាធិបតី, អភិបាលក្រុង រហូតដល់មន្ត្រីថ្នាក់តំបន់។ ការបិទបញ្ជីចុះឈ្មោះបេក្ខជនប្រធានាធិបតីគឺនៅថ្ងៃទី១៥ ខែវិច្ឆិកានេះ រីឯបេក្ខជនប្រធានាធិបតីហ្វីលីពីនសំខាន់ៗ ដែលបានចុះឈ្មោះរួចរាល់រួមមាន អតីតស្ដេចប្រដាល់អាស៊ី ម៉ាន់នី ប៉ាគីអាវ (Manny Pacquiao), អនុប្រធានាធិបតី លោកស្រី លេនី រ៉ូប្រេដូ (Leni Robredo), អភិបាលក្រុងម៉ានីល លោក ហ្វ្រាន់ស៉ីស្កូ ដូម៉ាហ្កោសូ (Francisco Domagoso), សមាជិកព្រឹទ្ធសភា លោក ប៉ាន់ហ្វីឡូ ឡាក់សុន (Panfilo Lacson), អតីតមេប៉ូលិសរបស់លោក Duterte គឺលោក រ៉ូណាល់ ដេឡារ៉ូស (Ronald dela Ros) ព្រមទាំងលោក Ferdinand Marcos Jr៕