(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុនថ្មី លោក យូស៉ីម៉ាសា ហាយ៉ាស៉ី (Yoshimasa Hayashi) នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន (Antony Blinken) បានធានាអះអាងចំពោះរូបលោក តាមរយៈកិច្ចសន្ទនាគ្នាមួយ តាមប្រព័ន្ធទូរស័ព្ទថា សហរដ្ឋអាមេរិកបន្តប្តេជ្ញាការពារប្រទេសជប៉ុន ដោយឥតងាករេឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហាយ៉ាស៉ី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រដ្ឋមន្រ្តី ប្លីងគិន បានគូសបញ្ជាក់ថា ការប្តេជ្ញាការពារប្រទេសជប៉ុន របស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការអនុវត្តមាត្រា៥ នៃសន្ធិសញ្ញាសន្តិសុខជប៉ុន-អាមេរិក សម្រាប់ទីប្រជុំកោះសេនកាគូ ដែលមានបញ្ហាវិវាទជាមួយចិន គឺមិនមានការប្រែប្រួលអ្វីបន្តិចសោះឡើយ»

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសជប៉ុន នៅក្រោយជំនួបតាមទូរស័ព្ទរវាងប្រមុខការទូតទាំងពីរ លោក ហាយ៉ាស៉ី និង លោក ប្លីងគិន បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការឆ្លើយតបចំពោះបញ្ហាផ្សេងៗ ទាក់ទងនឹងប្រទេសចិន។

គួរបញ្ជាក់ថា ចំណងទាក់ទងរបស់ជប៉ុនជាមួយចិន គឺមានរកាំរកូសខ្លាំង ដោយសារតែបញ្ហាជម្លោះទឹកដី ជុំវិញទីប្រជុំកោះដែលកំពុងស្ថិតក្រោម ការគ្រប់គ្រងរបស់ជប៉ុន នៅតំបន់សមុទ្រចិនខាងកើត។ ខណៈទីប្រជុំកោះនោះ ត្រូវជប៉ុនហៅថា សេនកាគូ ចិនហៅវាថា ទៀវយូ។ ជាមួយគ្នានេះ ទង្វើឈ្លានពានដោយយោធាជប៉ុន កាលពីអតីតកាល ទៅលើប្រទេសចិន ក៏ជាមូលហេតុចម្បងមួយផងដែរ នៃភាពល្អក់កករក្នុងទំនាក់ទំនងប្រទេសទាំងពីរ៕