(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកមានពាក្យសន្យាស្តីពីការធានាឱ្យ តំបន់តៃវ៉ាន់មានសមត្ថភាពការពារខ្លួនឯង ព្រមទាំងបានថ្លែងទៀតថា មានប្រទេសជាច្រើនបានចាត់ទុក ការបំផ្លាញសភាពការណ៍បច្ចុប្បន្នដោយប្រើកម្លាំងអាវុធជាឯកតោភាគី ជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខសន្តិភាព។ ប៉ុន្តែ ប្រសាសន៍ផ្ទាល់ខ្លួនរបស់លោកក្នុងជំនួបពិភាក្សា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ចិននិងអាមេរិក កាលពីចុងខែមុន បែរជាបានថ្លែងថា ភាគីអាមេរិកនឹងបន្តប្រកាន់ខ្ជាប់ គោលនយោបាយប្រទេសចិនតែមួយជាបន្តបន្ទាប់។ លោកនិយាយក្រឡាស់ភ្លាមៗបែបនេះ សាកសមនឹងឋានៈរបស់លោកដែលជា ប្រមុខការទូតរបស់សហរដ្ឋអាមេរិកទេ?

មួយរយៈពេលកន្លងទៅនេះ ស្ថានការណ៍ដ៏តានតឹងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់បានឡើងកម្តៅជាបន្តបន្ទាប់ មូលហេតុគឺដោយមកពី មួយផ្នែក អាជ្ញាធរតៃវ៉ាន់ប៉ុនប៉ងវាយទម្លុះក្របខ័ណ្ឌនៃគោលការណ៍ចិនតែមួយជាច្រើនលើក ហើយប៉ុនប៉ងពង្រីកលំហធ្វើសកម្មភាពរបស់ ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ មួយផ្នែកទៀតគឺអ្នកនយោបាយអាមេរិក បានបណ្តែតបណ្តោយញុះញង់ និងផ្តល់ការគាំទ្រដល់ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ។

សេចក្តីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩ ដែលប្រកាសកាលពីថ្ងៃទី១១ ខែវិចិ្ឆកា បានបង្ហាញយ៉ាងច្បាស់លាស់ថា ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយនិង «មតិឯកភាពគ្នានៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅឆ្នាំ១៩៩២» ប្រឆាំងទង្វើបំបែកបំបាក់នៃ ពួកចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យយ៉ាងដាច់ខាត និងប្រឆាំងកម្លាំងខាងក្រៅធ្វើការជ្រៀតជ្រែកយ៉ាងដាច់ខាត។ សេចក្តីប្រកាសនេះបានអធិប្បាយយ៉ាងច្បាស់លាស់ នូវកាបេ្តជ្ញាចិត្តយ៉ាងមុតមាំ និងគោលជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ។ អ្នកនយោបាយអាមេរិកមួយចំនួនប៉ុនប៉ងយកបញ្ហាតំបន់តៃវ៉ាន់ ធ្វើជាលេសដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ចិន នេះជាការវិនិច្ឆ័យដ៏ខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះស្ថានការណ៍។

សូមបញ្ជាក់ថា ភាគីចិនបានព្រមានម្តងហើយម្តងទៀតថា បញ្ហាតៃវ៉ាន់ជាបញ្ហាសំខាន់បំផុតនិងរសើបបំផុត ក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក។ លក្ខខណ្ឌសសម្រាប់ឱ្យទំនាក់ទំនងរវាងចិននិងអាមេរិក វិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយសិ្ថរភាពនិងនិរន្តរភាព គឺភាគីអាមេរិកចាំបាច់ត្រូវបញ្ឈប់ទំនាក់ទំនងផ្លូវការ ជាមួយអាជ្ញាធរតំបន់តៃវ៉ាន់ភ្លាមទោះតាមទម្រង់ណាក៏ដោយ មិនបញ្ចេញសញ្ញាខុសឆ្គងណាទៅកាន់ពួកបំបែកបំបាក់ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ព្រមទាំងបញ្ឈប់ឧបាយកលដែលនិយាយផ្សេងធ្វើផ្សឹង។

បច្ចុប្បន្ននេះ មហាដីគោកចិនបានក្តាប់ជាប់សិទ្ធិណែនាំនិងសិទ្ធិម្ចាស់ការ ក្នុងទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់រួចហើយ ការបង្រួបបង្រួមរបស់ប្រទេសចិនជាចរន្តប្រវត្តិសាស្ត្រដែលមិនអាចរារាំងបានទេ។ សូមដាស់តឿនភាគីអាមេរិកកុំមើលស្រាលចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏មោះមុត និងសមត្ថភាពដ៏ខ្លាំងក្លារបស់ប្រជាជនចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីនោះឡើយ។ ទង្វើណាដែលចង់បង្ករឿងហេតុ ចំពោះគោលការណ៍ចិនតែមួយ និងប៉ុនប៉ងរារាំងនិន្នាការបង្រួបបង្រួមរបស់ប្រជាជាតិចិន មុខជានឹងទទួលបរាជ័យជាក់ជាមិនខាន!