(ក្លាសកូវ)៖ សន្និសីទកំពូលស្តីពីអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ នៅទីក្រុងក្លាសកូវ បានអូសបន្លាយហួសកាលកំណត់ដែលត្រូវបិទបញ្ចប់ ខណៈប្រធានសន្និសីទនេះ បានទទូចឲ្យបណ្តាប្រទេសនានា បង្ហាញការប្តេជ្ញាចុងក្រោយ ដើម្បីទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាព ដែលបង្កការគំរាមកំហែងចំពោះភពផែនដី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានសន្និសីទ «COP26» លោក អាឡូក សាម៉ា (Alok Sharma) បានថ្លែងយ៉ាងដូច្នេះថា «យើងសម្រេចបានរឿងជាច្រើន ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ហើយឥឡូវពួកយើងត្រូវការ ការប្តេជ្ញាចិត្តចុងក្រោយ ដែលត្រូវតែបង្ហាញក្នុងសន្និសីទនេះ ដើម្បីឲ្យពួកយើងអាចឆ្ពោះទៅសម្រេចបានជោគជ័យ លើបញ្ហាប្រឈមរួមគ្នានេះ»។ កាលពីយប់ថ្ងៃសុក្រម្សិលមិញ លោក Sharma បានប្រកាសថា សន្និសីទ COP26 នឹងបន្តដល់ថ្ងៃសៅរ៍នេះ ហើយកិច្ចព្រមព្រៀងចុងក្រោយ នឹងសម្រេចបាន នៅរសៀលឬល្ងាចថ្ងៃដដែល។

គោលដៅចម្បងនៃសន្និសីទអន្តរជាតិ COP26 គឺរួមគ្នាប្រឹងប្រែងរក្សាឲ្យបាននូវគោលដៅ នៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ក្នុងការទប់កំណើនសីតុណ្ហភាពផែនដីឲ្យនៅត្រឹម «១.៥អង្សាសេ» លើកម្រិតមុនសម័យបដិវត្តន៍ឧស្សាហកម្ម ខណៈក្រុមអ្នកវិទ្យាសាស្រ្តជឿថា កម្រិតនេះនឹងអាចជួយបញ្ចៀស ផលប៉ះពាល់អាក្រក់ៗខ្លាំង ដែលបណ្តាលមកពីបញ្ហាកើនឡើងកម្តៅនៃភពរបស់យើង។

យ៉ាងណាមិញ នៅក្រោមការសន្យាបច្ចុប្បន្នដោយប្រទេសនានា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងទសវត្សរ៍នេះ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា សីតុណ្ហភាពរបស់ពិភពលោក នឹងកើនឡើងខ្ពស់ហួសពីគោលដៅកំណត់ខាងលើ ដែលជាហេតុនឹងនាំឲ្យមាន ការកើនឡើងកម្ពស់ទឹកសមុទ្រ គ្រោះរាំងស្ងួត ព្យុះ-ភ្លៀង និងភ្លើងឆេះព្រៃ ក្នុងកម្រិតធ្ងន់ធ្ងរខ្លាំង៕