(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មើគែល (Angela Merkel) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាអ្នកដែលមិនទាន់បានទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈរលកទី៤ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ កំពុងផ្ទុះឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវតែយល់ថាពួកគេមានកាតព្វកិច្ច

ចំពោះសង្គម ដើម្បីការពារអ្នកដទៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី Angela Merkel បាននិយាយតាមរយៈខ្សែវីដេអូមួយថា «យើងត្រូវតែបញ្ជាក់ឱ្យច្បាស់ថា ខ្ញុំមានសិទ្ធិទទួលការចាក់វ៉ាក់សាំង ហើយនោះគឺជាសំណាងដ៏អស្ចារ្យ និងជាសមិទ្ធផលដ៏ធំនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប៉ុន្តែ ខ្ញុំក៏មានកាតព្វកិច្ចជាក់លាក់មួយក្នុងការចូលរួមចំណែកការពារសង្គមផងដែរ»

ខណៈអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំងជាច្រើនស្ថិតក្នុងចំណោមក្រុមអាយុ ដែលទំនងជាជួបប្រទះនឹងករណីឆ្លងជំងឺ COVID-19 មិនសូវធ្ងន់ធ្ងរ ពួកគេអាចចម្លងជំងឺនេះ ទៅក្រុមមនុស្សចាស់ដែលមានប្រព័ន្ធការពារខ្សោយ ដែលបង្កឱ្យធ្លាក់ខ្លួនឈឺធ្ងន់ សូម្បីតែបានទទួលការចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

គួរបញ្ជាក់ថា ចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងពាសពេញទ្វីបអឺរ៉ុបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ្នកជំនាញមានការព្រួយបារម្ភថាហានិភ័យនៃ ប្រព័ន្ធសុខាភិបាល អាចត្រូវពិបាកគ្រប់គ្រងម្តងទៀត ដោយសារមួយផ្នែកនៃអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង នៅតែបន្តចម្លងជំងឺនេះទៅក្រុមមនុស្សចាស់ និងក្រុមមនុស្សដែលងាយរងគ្រោះ៕