(អាមេរិក)៖ នៅទីបំផុតយាន Crew Dragon របស់ក្រុមហ៊ុន SpaceX បានដឹកអវកាសយានិកសរុបចំនួន ០៤នាក់ ចូលចតនៅស្ថានីយអវកាសអន្តរជាតិ (ISS) ប្រកបដោយជោគជ័យហើយ នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space នាព្រឹកថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

យានអវកាស Crew Dragon និងគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX នៅក្នុងបេសកកម្មហៅថា Crew-3 បានហោះចាកចេញពីមជ្ឈមណ្ឌលអវកាស ខេនណេឌី របស់អង្គការ NASA ដែលស្ថិតនៅរដ្ឋផ្លូរីដា កាលពីវេលាម៉ោង ០៩៖០៣នាទីយប់ ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ជាមួយអវកាសយានិកអាមេរិកចំនួន ០៣នាក់គឺលោក រ៉ាចា ឆារី (Raja Chari), ថម ម៉ាសប៊ឺន (Tom Marshburn) និង ខាយឡា បារ៉ុន (Kayla Barron) ព្រមជាមួយអវកាសយានិកអាល្លឺម៉ង់ម្នាក់ទៀត គឺលោក ម៉ាត់ធីយ៉ាស់ ម៉ូរើ (Matthias Maurer) មកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA។

គួរបញ្ជាក់ថា Crew-3 គឺជាបេសកកម្មដឹកមនុស្សលើកទី ៥ហើយ សម្រាប់ក្រុមហ៊ុន SpaceX និងជាលើកទី ៤ នៅក្រោមកិច្ចសហការជាមួយ NASA។ បេសកកម្មជើងដំបូងគេ គឺការសាកល្បងបញ្ជូនអវកាសយានិក ២នាក់ ឡើងទៅកាន់ស្ថានីយ ISS កាលពីខែឧសភា ឆ្នាំ២០២០។

អវកាសយានិកទាំង ៤នាក់ខាងលើនេះ នឹងចំណាយរយៈពេល ៦ខែ បំពេញការងារជាមួយឧបករណ៍វិទ្យាសាស្ត្រជាង ២០០មុខ ព្រមទាំងធ្វើការដើរនៅទីអវកាសផងដែរ អំលុងការស្នាក់នៅ និងបំពេញភារកិច្ចរបស់ពួកគេ នៅលើស្ថានីយអវកាសអន្តរជាតិ ដែលមានកម្ពស់ ៤០០គីឡូម៉ែត្រពីផ្ទៃផែនដីនោះ៕