(ប៊ែរឡាំង)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអាល្លឺម៉ង់បានប្រកាសរកឃើញ អ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៥០,១៩៦នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ហើយវាជាតួលេខឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ ខណៈតំបន់អឺរ៉ុបទាំងមូលត្រូវបានគេមើលឃើញថា កំពុងប្រឈមនឹងរលកថ្មី នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Euro News នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី អាន់ជែឡា មើគែល (Angela Merkel) ដែលបានលាលែងចេញពីតំណែង ជាអធិការបតីអាល្លឺម៉ង់ទៅហើយនោះ បានហៅការផ្ទុះករណីឆ្លង COVID-19 យ៉ាងខ្លាំងក្លាឡើងវិញ នៅក្នុងប្រទេសធំជាងគេប្រចាំទ្វីបអឺរ៉ុបមួយនេះថា «គួរឲ្យភ្ញាក់ផ្អើល»។ លោកស្រី Merkel បានជំរុញឲ្យអាជ្ញាធរគ្រប់តំបន់ទាំងអស់ ស្វះស្វែងចាត់វិធានការ ដើម្បីទប់ស្កាត់ការផ្ទុះករណីឆ្លងដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា ការស្តីបន្ទោសក៏បានកើតមានផងដែរ ទៅលើអត្រាចាក់វ៉ាក់សាំងរបស់អាល្លឺម៉ង់ ដែលទើបសម្រេចបាន ៦៧% នៃចំនួនប្រជាជនសរុបជាង ៨៣លាននាក់របស់ខ្លួន។ គិតត្រឹមពេលនេះ អាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុប ៤.៩លានករណី ក្នុងនោះស្លាប់ជាង ៩៧,០០០នាក់ និងជាសះស្បើយវិញ ៤.៤លាននាក់៕