(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩៤,៣៧៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤៩៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,៦៤៧,៧៤៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៨០,១០២នាក់ និងជាសះស្បើយឡើងសរុប ៣៧.៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech បានស្នើឲ្យរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក អនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» សម្រាប់មនុស្សពេញវ័យទាំងអស់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នោះទើបអត្រានៃការចាក់វ៉ាក់សាំងដូសទី ៣ នេះកើនឡើងខ្ពស់។ ការស្នើនេះបានកើតមានឡើងបន្ទាប់ពី ក្រុមមន្ត្រីរដ្ឋាភិបាលសហព័ន្ធ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងពិតប្រាកដរបស់ពួកគេ ចំពោះការធ្លាក់ចុះនៃប្រព័ន្ធភាពសុំាសហគមន៍ ខណៈដែលសហរដ្ឋអាមេរិកកំពុងឈានជើងចូលរដូវរងា ដែលនឹងអូសបន្លាយជាច្រើនសប្តាហ៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៣៣លានដូស ក្នុងនោះប្រជាជន ២២៤.២៥លាននាក់ (៦៨.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩២.៧២លាននាក់ (៥៨.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕