(កង់បេរ៉ា)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថាអូស្រ្តាលី គ្រោងនឹងបើកការធ្វើដំណើរដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក ជាមួយជប៉ុន និងកូរ៉េខាងត្បូង ខណៈប្រទេសនេះ កំពុងបើកដំណើរការឡើងវិញជាបណ្តើរៗទៅកាន់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

នាពេលថ្មីៗនេះ លោក Scott Morrison បានប្រាប់សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃរដ្ឋវិចតូរៀ (Victoria) ថាការធ្វើដំណើរដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក រវាងអូស្ត្រាលី និងប្រទេសអាស៊ីទាំងពីរ នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង ១៨ខែ។

ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ព្រំដែនរបស់ប្រទេសអូស្ត្រាលី នឹងបើកដំណើរការជាមួយប្រទេសសិង្ហបុរី ដែលមានន័យថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញមកពីប្រទេសសិង្ហបុរី នឹងអាចហោះហើរចូលមកកាន់ទីក្រុងកង់បេរ៉ា (Canberra), ម៊ែលបន (Melbourne) និងស៉ីដនី (Sydney) ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។

លោក Scott Morrison បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា «យើងនឹងបើកដំណើរការជាមួយប្រទេសសិង្ហបុរី នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ ហើយខ្ញុំគិតថា យើងនឹងទៅមុខយ៉ាងលឿនហួសពីនោះទៀត ទៅដល់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ហើយមុនដំណាច់ឆ្នាំ២០២១នេះ ខ្ញុំសង្ឃឹមថា យើងនឹងបើកដំណើរកាន់តែច្រើនបន្ថែមទៀត»

លោក Scott Morrison បន្ថែមថានិស្សិតអន្តរជាតិ និងកម្មករជំនាញ នឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូលមកកាន់អូស្ត្រាលីវិញ ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ដែលខ្ញុំគិតថា នៅមុនដំណាច់ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ការបើកឡើងវិញជាបណ្ដើរៗទៅកាន់ពិភពលោករបស់ប្រទេសអូស្រ្តាលី បានកើតឡើងចំពេលប្រទេសនេះ នៅតែបន្តប្រយុទ្ធប្រឆាំងនឹងរលកទី៣ នៃការឆ្លងរីករាលដាលជំងឺ COVID-19។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសអូស្រ្តាលី បានរាយការណ៍ពីការរកឃើញករណីឆ្លងក្នុងសហគមន៍ថ្មីៗជាង ១,៥០០ករណី និងអ្នកស្លាប់ចំនួន ០៥នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ជាង ១៨៥,៦០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១,៨០០នាក់៕