(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកសម្រេចបើកច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសឡើងវិញនៅថ្ងៃចន្ទ ទី០៨ វិច្ឆិកានេះសម្រាប់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញ ដោយបញ្ចប់ការដាក់កំហិតរយៈពេល២០ខែកន្លងមកនេះលើការធ្វើដំណើរពីជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការដាក់កំហិតលើការធ្វើដំណើរ ដែលត្រូវបានដាក់ចេញដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅដើមឆ្នាំ២០២០ និងគាំទ្រដោយអ្នកស្នងតំណែងរបស់លោកគឺលោក Joe Biden ត្រូវបានរិះគន់យ៉ាងទូលំទូលាយ និងក្លាយជានិមិត្តរូបនៃភាពចលាចលដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

គួរបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតនេះ ព្រំដែនសហរដ្ឋអាមេរិកត្រូវបានបិទនៅក្រោយខែមីនាឆ្នាំ២០២០ ចំពោះអ្នកធ្វើដំណើរមកពីផ្នែកជាច្រើននៃពិភពលោក ក្នុងនោះរួមទាំងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងចិន ឥណ្ឌា និងប្រេស៊ីល ខណៈភ្ញៀវទេសចរណ៍មកពីប្របណ្តាប្រទេសជិតខាងដូចជាប្រទេសម៉ិកស៊ិក និងកាណាដាក៏ត្រូវបានហាមឃាត់ផងដែរ៕