(ឡង់ដ៍)៖ លោក Susan Hopkins ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រ នៃទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃអាទិត្យនេះថា ចក្រភពអង់គ្លេសនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលហៅថា molnupiravir របស់ក្រុមហ៊ុន Merck នៅចុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅពេលត្រូវបានគេសួរអំពីការអនុម័ត molnupiravir លោក Hopkins បានប្រាប់ទូរទស្សន៍ BBC ថា «នោះជាដំណឹងដ៏អស្ចារ្យ ហើយវានឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បងចុងខែនេះ/ដើមខែធ្នូ»

គួររំលឹកថា កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងមេរោគកូវីដ១៩ បង្កើតឡើងដោយក្រុមហ៊ុន Merck & Co និង Ridgeback Biotherapeutics ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលបាននិយាយកាលពីខែតុលាថា ខ្លួនបានថ្នាំព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck ចំនួន៤៨០,០០០វគ្គព្យាបាល និងថ្នាំរបស់ក្រុមហ៊ុន Pfizer ចំនួន ២៥០,០០០វគ្គព្យាបាលផងដែរ៕