(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង ទើបតែធ្វើសមយុទ្ធបាញ់កាំភ្លើងធំ នៅចុងសប្តាហ៍នេះ ដែលវាគឺជាផ្នែកនៃកិច្ចប្រឹងប្រែងពង្រឹង សមត្ថភាពការពារជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា សមយុទ្ធកាំភ្លើងធំខាងលើ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប៉ុន្តែមិនមាន វត្តមានរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នោះឡើយ។ លំហាត់យោធានេះ កើតមានឡើង បន្ទាប់ពីការធ្វើតេស្តមីស៉ីលជាបន្តបន្ទាប់ ដោយកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។

ទីក្រុងព្យុងយ៉ាងបានរិះគន់ជាដដែលៗ ចំពោះអ្វីដែលខ្លួនចាត់ទុកថាជា «ស្តង់ដាពីរ» ព្រោះសកម្មភាពយោធារបស់ខ្លួន តែងតែត្រូវបាន អន្តរជាតិរិះគន់ ទោះពួកវាធ្វើឡើង ក្នុងគោលដៅបង្កើនសមត្ថភាពការពារជាតិក៏ដោយ ខណៈសកម្មភាពស្រដៀងគ្នា ដោយកូរ៉េខាងត្បូង និងអាមេរិក គឺមិនដែលទទួលរងការរិះគន់ ពីអន្តរជាតិឡើយ។

យោងតាមទស្សនៈរបស់ក្រុមអ្នកវិភាគ គឺកូរ៉េខាងជើង កំពុងព្យាយាមធ្វើឲ្យសកម្មភាពការពារជាតិរបស់ខ្លួន ក្លាយទៅជាសកម្មភាពធម្មតាៗ ក្រោមគោលបំណងនៅទីបំផុត នឹងអាចទទួលបានការទទួលស្គាល់ពីអន្តរជាតិ សម្រាប់អាវុធនុយក្លេអ៊ែរ ក៏ដូចជាមីស៉ីលផ្លោងរបស់ខ្លួន ដែលបច្ចុប្បន្នត្រូវជាប់ទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា កងកាំភ្លើងធំកូរ៉េខាងជើងភាគច្រើន ត្រូវបានដាក់ពង្រាយនៅក្បែរបណ្តោយព្រំដែន ជាមួយកូរ៉េខាងត្បូង ជាទីដែលពួកវាមានសមត្ថភាពផ្លោងគ្រាប់ រហូតដល់ទីក្រុងសេអ៊ូល ខណៈរដ្ឋធានីកូរ៉េខាងត្បូងនេះ ស្ថិតនៅមិនជាឆ្ងាយប៉ុន្មានពីព្រំប្រទល់ឡើយ៕