(សាន់ហ្សូស៊េ)៖ ក្មេងៗនៅប្រទេសកូស្តារីកា ដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ នាពេលនេះ ត្រូវតែនាំទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាកំហិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការកំណត់នេះ នឹងបន្ថែមវ៉ាក់សាំង COVID-19 ទៅក្នុងបញ្ជីនៃវ៉ាក់សាំងបង្ការជំងឺឆ្លងឯទៀតៗ ដែលកុមារៗត្រូវបានតម្រូវឲ្យទទួលការចាក់ ជាចាំបាច់រាប់ឆ្នាំមកហើយ រួមមានវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង និងជំងឺអុតធំជាដើម។ គោលការណ៍ថ្មីខាងលើ ធ្វើឲ្យប្រទេសអាមេរិកកណ្តាលនេះ ក្លាយជាប្រទេសដំបូងគេមួយ ដែលដាក់កាតព្វកិច្ចវ៉ាក់សាំង COVID-19 លើកុមារ។

គួរបញ្ជាក់ថា មកទល់នេះ ប្រមាណជា៧៥ភាគរយ នៃប្រជាជនអាយុចន្លោះ១២-១៩ឆ្នាំ នៅកូស្តារីកា ទទួលបានការចាក់វ៉ាក់សាំង COVID-19 យ៉ាងហោច១ដូស ខណៈ៥៤ភាគរយ នៃប្រជាជនកូស្តារីកាសរុបខ្ទង់ ៥.១លាននាក់ ចាក់បានគ្រប់ដូស។ សម្រាប់ករណីឆ្លងវិញ គឺកូស្តារីការកឃើញសរុបជាង ៥៦០,០០០នាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៧,០០០នាក់៕