(បាកដាដ)៖ យោធាអ៉ីរ៉ាក់បានឲ្យដឹងថា កាលពីវេលាមុនព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ដ្រូនបំពាក់គ្រឿងផ្ទុះមួយគ្រឿង បានវាយប្រហារលើ គេហដ្ឋានរបស់នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) នៅក្នុងរដ្ឋធានីបាកដាដ។ ករណីនោះត្រូវបានអាជ្ញាធរចាត់ទុកជា ការប៉ុនប៉ងធ្វើឃាតលោកនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ ប៉ុន្តែសំណាងល្អ លោក អាល់កាឌីមី បានគេចខ្លួនដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ខណៈលោក អាល់កាឌីមី ផ្ទាល់ មិនបានរងគ្រោះថ្នាក់អ្វីឡើយនោះ កងអង្គរក្សលោកមួយចំនួន បានទទួលរងរបួស។ ខាងយោធាអ៉ីរ៉ាក់ បានបញ្ជាក់ថា ក្រោយការវាយប្រហារខាងលើ ស្ថានការណ៍នៅតំបន់បៃតង នៃទីក្រុងបាកដាដ ជាទីដែលគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី និងអគាររដ្ឋាភិបាលអ៉ីរ៉ាក់ដទៃទៀត រួមទាំងស្ថានទូតបរទេសស្ថិតនៅ គឺមានសភាពនឹងនរធម្មតា។

រូបភាពដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ាក់ បានបង្ហាញឲ្យឃើញ ការខូចខាតនៅផ្នែកមួយចំនួន នៃគេហដ្ឋានរបស់លោក អាល់កាឌីមី។ ចំណែកខ្មោចដ្រូនដែលប្រើប្រាស់ក្នុងការវាយប្រហារ ត្រូវបានកងកម្លាំងសន្តិសុខអ៉ីរ៉ាក់ យកទៅធ្វើការស៉ើបអង្កេត។ ភ្លាមៗនេះ អាជ្ញាធរអ៉ីរ៉ាក់ មិនទាន់អាចសន្និដ្ឋានបានថា តើក្រុមណាជាអ្នកនៅពីក្រោយការវាយប្រហារនោះទេ ហើយក៏មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងថា ជាទង្វើរបស់ពួកគេដែរ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះកើតឡើង ចំពេលដែលចលនាបាតុកម្ម នៅទីក្រុងបាកដាដ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតសកល ក្នុងប្រទេសអ៉ីរ៉ាក់ កាលពីខែមុន បានឈានទៅផ្ទុះជាអំពើហិង្សា៕