(ប៉េកាំង)៖ ប្រយោគបុរាណចិន 青山一道同云雨,明月何曾是两乡 (qīng shān yī dào tóng yún yǔ , míng yuè hé céng shì liǎng xiāng) មានន័យថា ភ្នំបៃតងស្ថិតក្រោមពពកនិងភ្លៀងក្នុងពេលតែមួយ ព្រះចន្ទចោលពន្លឺនៅទីជិតឆ្ងាយក្នុងពេលតែមួយ នៅកន្លែងខុសគ្នាតែយើងមិនត្រូវបានកាត់ផ្តាច់ទំនាក់ទំនងគ្នាទេ ទោះមិននៅក្បែរគ្នាតែចិត្តយើងជិតគ្នា ទោះនៅឆ្ងាយពីគ្នាក៏ដោយ តែពិភពលោកជាក្រុមគ្រួសារតែមួយ។

អ្នកនិពន្ធឈ្មោះ 王昌龄 ជាកវីល្បីឈ្មោះនៅរាជកាលថាំង(唐朝) លោកកើតនៅក្នុងគ្រួសារក្រីក្រ ធ្វើការផង រៀនសូត្រផង ជីវិតវ័យក្មេងក្រកម្សត់ ការរស់នៅពឹងលើការធ្វើស្រែចម្ការ។ លោកបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីលទ្ធិខុងជឺ គឺការធ្វើអភិបាលកិច្ចជាតិសំខាន់ត្រូវផ្តោតលើសីលធម៌។ ពេញមួយជីវិតរបស់លោក លោកបានខិតខំសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹង ហើយបានទៅដល់កន្លែងជាច្រើន បានស្គាល់មិត្តច្រើនទាំងអ្នកចេះដឹង យោធិន កម្មាភិបាល ព្រះសង្ឃ អ្នកកាន់លទ្ធិតាវ ជាដើម កវីល្បីល្បាញកាលនោះសុទ្ធតែជាមិត្តស្និទ្ធរបស់លោក។ លោកបានចងចំណងមិត្តភាពយ៉ាងស្មោះត្រង់ ជាមួយមិត្តសំឡាញ់ដែលមានចិត្តគំនិតដូចគ្នា។

ជីវប្រវត្តិរបស់លោកបានបង្ហាញប្រាប់យើងថា អ្នកដែលមានមិត្តភក្តិមានទេពកោសល្យខ្ពស់ជាច្រើន ក៏ជាមនុស្សដែលមានសមត្ថភាព ចរិតល្អគួរឱ្យទុកចិត្តបាន។ គុណធម៌ប្រពៃណីមួយដែលប្រជាជាតិចិន បានប្រកាន់ខ្ជាប់និងអប់រំផ្សព្វផ្សាយពីបុរាណដល់បច្ចុប្បន្នគឺ ត្រូវខិតខំកសាងសីលធម៌ផ្ទាល់ខ្លួន យកចិត្តទុកដាក់ជីវភាពរបស់មិត្តភក្តិ ប្រកាន់ខ្ជាប់ក្តីរំពឹងទុកនៃការបង្កើតជីវភាពសុភមង្គល ខិតខំតស៊ូជាមួយគ្នា យើងមុខជាអាចឆ្ពោះទៅកាន់អនាគតល្អបវរ -- មិនត្រឹមតែប្រទេសចិនទេ ប្រទេសជាច្រើនក៏គោរពពីគុណតម្លៃបែបនេះផងដែរ។

លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានពន្យល់ពីពាក្យ «រួមជោគវាសនា» ថា៖ «ភ្នំបៃតងស្ថិតក្រោមពពកនិងភ្លៀងក្នុងពេលតែមួយ ព្រះចន្ទចោលពន្លឺនៅទីជិតឆ្ងាយក្នុងពេលតែមួយ»។ សន្តិភាពនិងវឌ្ឍនភាពជាបុព្វហេតុរួមរបស់យើង យុត្តិធម៌ជាឧត្តមគតិរួមរបស់យើង ប្រជាធិបតេយ្យនិងសេរីភាពជា ការស្វែងរករួមរបស់យើង។ ប្រជាជនចិនស្រឡាញ់សន្តិភាព សាមគ្គីគ្នានិងធ្វើសហប្រតិបត្តិការ ជាមួយប្រជាជនគ្រប់ប្រទេសជានិច្ច គាំទ្រយ៉ាងម៉ឺងម៉ាត់លើការតស៊ូដោយយុត្តិធម៌ របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងបំណងគាំពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។

ប្រជាជនចិនខិតខំជំរុញការអភិវឌ្ឍជារួម និងផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោក តាមរយៈការអភិវឌ្ឍរបស់ចិន ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ យើងគួរចាប់ដៃគ្នាឈរនៅម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ឈរនៅម្ខាងឈានមុខនៃមនុស្សជាតិ តស៊ូឥតឈប់ឈរដើម្បីសម្រេចការអភិវឌ្ឍជាសកល ប្រកបដោយសន្តិភាពជានិច្ច។

យើងចាប់ដៃគ្នា ឆ្ពោះទៅរកអនាគតកាន់តែល្អបវរ៕