(សេអ៊ូល)៖ កូរ៉េខាងត្បូង ទើបតែបានចុះកិច្ចព្រមព្រៀង ដើម្បីទិញថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៧០,០០០ឈុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

កន្លងមក កូរ៉េខាងត្បូង ក៏បានចុះកិច្ចព្រមព្រៀងទិញថ្នាំគ្រាប់ព្យាបាល COVID-19 ចំនួន ២០០,០០០ឈុត ពីក្រុមហ៊ុន Merck ផងដែរ។ ចំណែកកាលពីខែមុន រដ្ឋាភិបាលទីក្រុងសេអ៊ូលបានបង្ហើបឲ្យដឹងថា ខ្លួនបានចរចាគ្នាជាមួយក្រុមហ៊ុនផលិតឱសថស្វីស Roche ដែលកំពុងអភិវឌ្ឍថ្នាំគ្រាប់សម្រាប់ព្យាបាល COVID-19 ដូចគ្នា។ កូរ៉េខាងត្បូងបានបម្រុងទុកថវិកាជាង ៣០លានដុល្លារអាមេរិក សម្រាប់ទិញថ្នាំគ្រាប់ព្យាបាលជំងឺរាតត្បាតជាសកលនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមហ៊ុន Pfizer បានប្រកាសពីលទ្ធផលធ្វើតេស្តនៃថ្នាំគ្រាប់ព្យាបាល COVID-19 របស់ខ្លួន ឈ្មោះ ផាក់ឡូវីដ (Paxlovid) ដែលមានសមត្ថភាពកាត់បន្ថយលទ្ធភាព ធ្លាក់ខ្លួនឈឺធ្ងន់និងស្លាប់ នៅក្នុងចំណោម អ្នកជំងឺដែលប្រឈមហានិភ័យខ្ពស់ បានដល់ទៅ៨៩ភាគរយ៕