(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

 

 

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សភាតំណាងរាស្ត្រអាមេរិក នៅទីបំផុតទៅ បានបោះឆ្នោតអនុម័តជាផ្លូវការហើយលើកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ ១.២ទ្រីលានដុល្លារ ដែលនេះជា ជោគជ័យដ៏ធំមួយនៃរបៀបវារៈនយោបាយនៅក្នុងស្រុករបស់លោកប្រធានាធិបតី ចូ បៃដិន។

 

២៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji នៅថ្ងៃសៅរ៍នេះបានរាយការណ៍ឲ្យដឹងថានាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអុ គីហ្សីដា (Fumio Kishida) ត្រូវបានគេរំពឹងថា នឹងតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) ជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មី។

 

៣៖ អាជ្ញាធរអាមេរិកបាន ឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយដែលមានអ្នកចូលរួម យ៉ាងណែនណាន់តាន់តាប់ នៅឯទីក្រុង ហ៊ូស្ដុន (Houston) នៃរដ្ឋ តិចសាស់ (Texas)។

 

៤៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) និងសមភាគីអ៉ីរ៉ង់របស់លោក គឺលោក ហូសេន អាមីរ៉ាប់ឌុលឡាហៀន (Hossein Amirabdollahian) បានបង្ហាញការគំាទ្រដល់ការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ នៅក្រោមទម្រង់ដើម។

 

៥៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ រវាងរថយន្តដឹកប្រេងឥន្ធនៈ បានបង្កឲ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរដ្ឋធានី ហ្វ្រីថោន (Freetown) នៃប្រទេសសៀរ៉ាឡេអូន ដោយបានផ្តាច់ជីវិតមនុស្សជាង ១០០នាក់។

 

៦៖ អាជ្ញាធរនៃរដ្ឋធានីហាណូយ ប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ បានបើកសម្ពោធគម្រោងខ្សែរថភ្លើងលើអាកាស ខេត លីញ ហា យ៉ុង (Cat Linh-Ha Dong) ដែលសាងសង់ឡើងដោយប្រទេសចិនហើយ ដោយធ្វើឱ្យវាក្លាយជាខ្សែរថភ្លើងលើអាកាស ដំបូងគេបង្អស់នៅក្នុងប្រទេស ដែលចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម៕