(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) និងសមភាគីអ៉ីរ៉ង់របស់លោក គឺលោក ហូសេន អាមីរ៉ាប់ឌុលឡាហៀន (Hossein Amirabdollahian) បានបង្ហាញការគំាទ្រដល់ការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ នៅក្រោមទម្រង់ដើម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ធ្វើសេចក្ដីរាយការណ៍ខាងលើដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីនៃក្រសួងការបរទេសរុស្ស៊ី។ នៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ រវាងអ៉ីរ៉ង់ និងបណ្ដាប្រទេសលោកខាងលិចចំនួន៦ ទីក្រុងតេហេរ៉ង់បានយល់ព្រមរឹតត្បិតការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជាថ្នូរនឹងការ ដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប។

ប៉ុន្តែ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ហើយដាក់ទណ្ឌកម្មជាថ្មីលើអ៉ីរ៉ង់ ជាហេតុជំរុញ ឱ្យទីក្រុងតេហេរ៉ង់បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម លើសពីអ្វីដែលកំណត់នៅក្រោមកិច្ចព្រមព្រៀង។ លោក បៃដិនក៏ធ្លាប់បានបង្ហាញពីបំណងសា្ដរ កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះឡើងវិញផងដែរ ប៉ុន្តែខាងអ៉ីរ៉ង់អះអាងថាអ្វីៗនឹងល្អប្រសើរ ទាល់តែសហរដ្ឋអាមេរិកដកទណ្ឌកម្មពីអ៉ីរ៉ង់ជាមុនសិន ខណៈកិច្ចប្រជុំស្ដីពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ គ្រោងនឹងចាប់ផ្ដើមជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស៕