(មុំបៃ)៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថាមនុស្សយ៉ាងហោច ១០នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះបន្ទប់សង្រ្គោះបន្ទាន់សម្រាប់អ្នកជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យមួយស្ថិតនៅរដ្ឋ Maharashtra នៃភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

មូលហេតុនៃអគ្គិភ័យខាងលើមិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈអាជ្ញាធរឥណ្ឌាកំពុងធ្វើការស៊ើបអង្កេត ហើយអគ្គភ័យក៏ត្រូវបានពន្លត់ទាំងស្រុងផងដែរ។

ក្រោយហេតុការណ៍ដ៏អាក្រក់នេះកើត, នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានផ្ញើសាររំលែកមរណទុក្ខដល់គ្រួសារជនរងគ្រោះភ្លាមៗ ស្របពេលអាជ្ញាធរឥណ្ឌា ប្រកាសផ្ដល់ប្រាក់ ៦,៧៣៩ដុល្លារសម្រាប់ជនរងគ្រោះម្នាក់ដែលបានស្លាប់ ដល់គ្រួសាររបស់ពួកគេផងដែរ៕