(ហ្វ្រីថោន)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ រវាងរថយន្តដឹកប្រេងឥន្ធនៈ បានបង្កឲ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរដ្ឋធានី ហ្វ្រីថោន (Freetown) នៃប្រទេសសៀរ៉ាឡេអូន ដោយបានផ្តាច់ជីវិតមនុស្សជាង ១០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

អាជ្ញាធរសៀរ៉ាឡេអូនបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាហ្វ្រិកខាងលិច) នៅពេលដែលរថយន្តដឹកទំនិញ បានបុកជាមួយនឹងរថយន្តដឹកប្រេង។ ពីដំបូងឡើយ ប្រេងបានហៀរចេញពីរថយន្តដែលជួបគ្រោះថ្នាក់នោះ ហើយបន្ទាប់មកវាក៏បានឆាបឆេះ រាលដាលទៅដល់សាទែនស្តុកប្រេង បណ្តាលឲ្យផ្ទុះយ៉ាងកក្រើកតែម្តង។

លោក ប្រ៊ីម៉ា ប៊ឺរ៉េហ៍ សេសេយ (Brima Bureh Sesay) ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់សៀរ៉ាឡេអូន បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ ដ៏អាក្រក់បែបនេះឡើយពីមុនមក។ មនុស្សជាង ១០០នាក់ទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងអការៈរបួសពីស្រាលទៅធ្ងន់ ក្រោយហេតុការណ៍ខាងលើនេះកើតឡើង ហើយអាជ្ញាធរមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២១ ហេតុការណ៍ឆាបឆេះជំរុំស្នាក់នៅ ស្ថិតនៅជាយរដ្ឋធានី Freedown ក៏បានផ្តាច់ជីវិតមនុស្សជាង ៨០នាក់ និងបណ្តាលឲ្យ ៥,០០០នាក់ទៀត បាត់បង់ទីជម្រកផងដែរ៕