(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមជាតិចិន នៅថ្ងៃសៅរ៍នេះបានរាយការណ៍ឱ្យដឹងថា ផ្នែកខ្លះនៃភាគខាងជើង និងឦសានប្រទេសចិន នៅថ្ងៃសៅរ៍នេះ និងថ្ងៃអាទិត្យស្អែកនេះ នឹងទទួលរងនូវការចុះត្រជាក់ និងការធ្លាក់ព្រិលយ៉ាងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន ចាប់ពីថ្ងៃសៅរ៍នេះ រហូតដល់ព្រឹកថ្ងៃអាទិត្យស្អែកនេះ ការធ្លាក់ព្រិលយ៉ាងខ្លាំងក្លាដែលអាចបង្កទៅជាព្យុះព្រិល ត្រូវបានគេរំពឹងថា នឹងវាយប្រហារផ្នែកខ្លះនៃតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia), ខេត្តសានស៉ី (Shanxi), ហឺប៉ី (Hebei), ទីក្រុងប៉េកាំង (Beijing), ធានជីន (Tianjin), ខេត្តលាវនីង (Liaoning) និងហឺណាន (Henan)។ ព្រិលធ្លាក់តំបន់ខ្លះត្រូវបានគណនាថា នឹងមានកម្រាស់រហូតដល់ ២០សង់ទីម៉ែត្រឯណោះ។

ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ជាតិចិន បានជំរុញឱ្យតំបន់ដែលរងផលប៉ះពាល់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាក់ទិននឹងការធ្វើចរាចរណ៍ ការដឹកជញ្ជូន និងការផ្គត់ផ្គង់ថាមពល៕