(ហាណូយ)៖ អាជ្ញាធរនៃរដ្ឋធានីហាណូយ ប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ បានបើកសម្ពោធគម្រោងខ្សែរថភ្លើងលើអាកាស ខេត លីញ ហា យ៉ុង (Cat Linh-Ha Dong) ដែលសាងសង់ឡើងដោយប្រទេសចិនហើយ ដោយធ្វើឱ្យវាក្លាយជាខ្សែរថភ្លើងលើអាកាស ដំបូងគេបង្អស់នៅក្នុងប្រទេស ដែលចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

គម្រោងនេះ ត្រូវបានប្រគល់ដល់អាជ្ញាធរទីក្រុងហាណូយ ដោយក្រសួងដឹកជញ្ជូនវៀតណាមនៅថ្ងៃសៅរ៍នេះ ហើយអ្នកដំណើរទាំងអស់នៅលើខ្សែរថភ្លើង អាចរីករាយនឹងការជិះដោយឥតគិតថ្លៃ ក្នុងអំឡុងពេល ១៥ថ្ងៃដំបូង នៃប្រតិបត្តិការពាណិជ្ជកម្ម។

ប្រជាជនវៀតណាមនៅទីក្រុងហាណូយ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរថា ខ្សែរថភ្លើងលើអាកាសនេះ គឺទំនើបដូចអ្វីដែលពួកគេបានឃើញនៅក្រៅប្រទេសដែរ ហើយការជិះរថភ្លើងនេះ នឹងធ្វើឲ្យពួកគេលែងមានការព្រួយបារម្ភ អំពីការកកស្ទះជារៀងរាល់ព្រឹក នៅពេលទៅធ្វើការទៀតហើយ។ ពលរដ្ឋនៅហាណូយសង្ឃឹមទៀតថា គម្រោងខ្សែរថភ្លើងក្នុងទីក្រុងបន្ថែមទៀត នឹងត្រូវបានសាងសង់ឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនក្នុងទីក្រុង។

គួរបញ្ជាក់ថា ខ្សែរថភ្លើងលើអាកាសខាងលើនេះ មានប្រវែងជាង ១៣គីឡូម៉ែត្រ និងមានស្ថានីយឈប់សំចតចំនួន ១២។ រថភ្លើងនីមួយៗមានល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានខ្សែរថភ្លើងចំនួន ៤ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១,០០០នាក់។

គួរបញ្ជាក់ថា បើតាមវិនិយោគិនរបស់រថភ្លើងខាងលើនេះ គម្រោងខ្សែរថភ្លើងលើអាកាស Cat Linh-Ha Dong បានចាប់ផ្តើមសាងសង់ជាផ្លូវការ កាលពីខែតុលា ឆ្នាំ២០១១។ ដំណើរការសាកល្បងរបស់វា ត្រូវបានបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២០ ជាមួយនឹងដំណើរការសាកល្បងជាង ៧០,០០០គីឡូម៉ែត្រលើការធ្វើដំណើររាប់ពាន់ដង។ សំបុត្រសម្រាប់អ្នកដំណើរ នឹងមានតម្លៃ ១.៣៣ដុល្លារអាមេរិកសម្រាប់មួយថ្ងៃ និង ៨.៨៣ដុល្លារអាមេរិកសម្រាប់មួយខែ៕