(ហ្សឺណែវ)៖ មន្ត្រីទូតចិនបានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសចិនជំរុញឱ្យភាគីទាំងអស់ក្នុងប្រទេសស៊ូដង់ ដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយភាពត្រឹមត្រូវ តាមរយៈកិច្ចសន្ទនា ដើម្បីរក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមរយៈសម័យប្រជុំពិសេសរយៈពេលមួយថ្ងៃ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ស្តីពីវិបត្តិនយោបាយនៅស៊ូដង់ លោក លី សុង (Li Song) ភារធារីនៃបេសកកម្មការទូតចិន ប្រចាំនៅទីក្រុងហ្សឺណែវបានថ្លែងថា «ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ មិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុងប្រទេសដទៃ។ ប្រទេសចិនជឿជាក់ថា ប្រជាជនស៊ូដង់មានប្រាជ្ញា និងសមត្ថភាព ក្នុងការដោះស្រាយកិច្ចការផ្ទៃក្នុងរបស់ពួកគេបានល្អ»

លោក Li បានសង្កត់ធ្ងន់ទៀតថា «ប្រទេសចិនគាំទ្រប្រជាជនស៊ូដង់ ក្នុងការដោះស្រាយបញ្ហារវាងស៊ូដង់ដោយខ្លួនឯង ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើតបរិយាកាសខាងក្រៅដ៏អំណោយផល សម្រាប់ភាគីទាំងអស់ក្នុងប្រទេសស៊ូដង់ ក្នុងការដោះស្រាយបញ្ហាតាមរយៈការសន្ទនា...។ ការបន្ថែមសម្ពាធពីខាងក្រៅ ត្រឹមតែបង្កឱ្យមានភាពស្មុគស្មាញបន្ថែម ដល់បញ្ហាដែលមានស្រាប់ប៉ុណ្ណោះ»

គួរបញ្ជាក់ថា កងទ័ព ស៊ូដង់ បាន រំលាយ រដ្ឋាភិបាល អន្តរកាល និងបែងចែក អំណាចឡើងវិញ ហើយ បាន ឃុំខ្លួន នាយករដ្ឋមន្ត្រី ស៊ីវិល អាប់ដាលឡា ហាំដុក (Abdalla Hamdok) និង សមាជិកគណៈរដ្ឋមន្ត្រី របស់លោក កាលពី ថ្ងៃទី ២៥ ខែតុលា។ ប៉ុន្តែនៅថ្ងៃពុធសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីត្រូវបានដោះលែង ហើយក៏បានយល់ព្រមឡើងកាន់តំណែងឡើងវិញ ប៉ុន្តែមិនមានព័ត៌មានលម្អិតថា លោក Hamdok និងយោធា បានឈានដល់កិច្ចព្រមព្រៀងណាមួយ ដែរឬមួយក៏យ៉ាងណានោះឡើយ។

យ៉ាងណាក៏ដោយ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានជំរុញឱ្យលោក អាប់ឌែល ហ្វាតតាហ៍ អាល់ប៊ឺហាន (Abdel Fattah al-Burhan) ប្រមុខកងកម្លាំងប្រដាប់អាវុធស៊ូដង់ ស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិនេះ៕