(តិចសាស់)៖ អាជ្ញាធរអាមេរិកបាន ឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយដែលមានអ្នកចូលរួម យ៉ាងណែនណាន់តាន់តាប់ នៅឯទីក្រុង ហ៊ូស្ដុន (Houston) នៃរដ្ឋ តិចសាស់ (Texas)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមមន្ត្រីប៉ូលិសអាមេរិកក្នុងតំបន់, ភាពចលាចលបានកើតឡើង បន្ទាប់ពីហ្វូងមនុស្សបានសម្រុកចូលរួមក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីខាងលើ។ មនុស្ស១១នាក់ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារខ្វះខ្យល់ដកដង្ហើម ឬគាំងបេះដូង ហើយក្នុងចំណោមអ្នកទាំងនេះមាន ៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។ ចំណែកឯ មនុស្ស ច្រើនជាង ៣០០នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីខាងលើមានអ្នកចូលរួមទស្សនា ៥០,០០០នាក់ឯណោះ ហើយបើតាមអ្នករៀបចំកម្មវិធី ឧប្បដិហេតុនេះបានកើតឡើងនៅម៉ោង ២១៖១៥នាទីយប់ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅរដ្ឋតិចសាស់) នៅពេលមនុស្សម្នាជាច្រើនបានសម្រុកចូល ទៅខាងមុខឆាកប្រគុំតន្ត្រីបង្កឱ្យមានភាពចលាចល រុញគ្នាទៅវិញទៅមក ដោយធ្វើឱ្យអ្នកដួលសន្លប់ និងថប់ដង្ហើមរហូតដល់គាំងបេះដូងស្លាប់។ មូលហេតុនៃអ្នកស្លាប់ និងគ្រោះថ្នាក់នេះមិនទាន់ត្រូវបានកំណត់ឱ្យជាក់លាក់នោះទេ ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើង ខណៈគ្រោះថ្នាក់នេះហាក់ដូចជាហេតុការណ៍រត់ជាន់គ្នា៕