(តូក្យូ)៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji នៅថ្ងៃសៅរ៍នេះបានរាយការណ៍ឲ្យដឹងថានាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអុ គីហ្សីដា (Fumio Kishida) ត្រូវបានគេរំពឹងថា នឹងតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) ជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ព័ត៌មានពីការតែងតាំងលោក ហាយ៉ាស៊ិ ជារដ្ឋមន្ត្រីការបរទេសជប៉ុនថ្មី កើតមានឡើងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក គីហ្សីដា បានតែងតាំង រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូសស៊ិមីតស៊ុ ម៉ូតេហ្គិ (Toshimitsu Motegi) ជាអគ្គលេខាធិការថ្មីរបស់គណបក្ស LDP។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji ការប្រកាសតែងតាំងលោក ហាយ៉ាស៊ិ ជាផ្លូវការអាចនឹងត្រូវធ្វើឡើង នៅពេលលោក គីហ្សីដា ប្រកាសពីសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ។ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់លោក គីហ្សីដាបានឈ្នះ ការបោះឆ្នោតនៅក្នុងសភាជាន់ទាប កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅនេះ៕