(ឡុងដ៍)៖ អនុប្រធានគណៈកម្មការអឺរ៉ុប លោក Maros Sefcovic បានព្រមានថាវាអាចនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចក្រភពអង់គ្លេសយកមាត្រា១៦ មកប្រើប្រាស់ ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មនៅក្រោយ Brexit។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមលោក Maros Sefcovic ការដាក់ឱ្យដំណើរការមាត្រា ៦ នឹងបង្កផលវិបាកធ្ងន់ធ្ងរដល់ប្រទេសអ៊ែរឡង់ខាងជើង ដែលអាចនាំទៅរកអស្ថិរភាព និងភាពមិនអាច ព្យាករទុកមុនបាន។ ការកត់សម្គាល់បែបនេះរបស់លោក Maros ធ្វើឡើង បន្ទាប់ពីបានជួបប្រជុំជាមួយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ Brexit នៃចក្រភពអង់គ្លេស លោក Lord Frost នៅក្នុងទីក្រុងព្រុចសែល ក្នុងសប្ដាហ៍នេះ ជុំវិញកិច្ចព្រមព្រៀងដោះស្រាយជម្លោះពាណិជ្ជកម្ម។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបមានបំណងរក្សាប្រទេសអ៊ែរឡង់ខាងជើង ក្នុងទីផ្សារអឺរ៉ុបតែមួយដដែលសម្រាប់ការធ្វើពាណិជ្ជកម្មសេរី តែព្រមពេលជាមួយគ្នា ភាគីពាក់
ព័ន្ធ នៅតែមិនទាន់អាចដោះស្រាយបញ្ហាព្រំដែនពាណិជ្ជកម្មរវាងអ៊ែរឡង់ខាងជើង និងចក្រភពអង់គ្លេសបាននៅឡើយ។ ខាងសហភាពអឺរ៉បក៏បានស្នើផងដែរឱ្យមាន ការបន្ធូរបន្ថយការត្រួតពិនិត្យ និងគ្រប់គ្រងទំនិញឆ្លងកាត់សមុទ្រអ៊ែររីស (Irish Sea)។

ប៉ុន្តែ ភាគីចក្រភពអង់គ្លេសបានស្នើសុំការធ្វើកំណែទម្រង់ជាមូលដ្ឋាន ដែលនេះបាន និងកំពុងបង្កឱ្យមានការសង្ស័យថានឹងមានការប្រើប្រាស់មាត្រា ១៦ ដែលនឹង អនុញ្ញាតឱ្យផ្នែកខ្លះនៃកិច្ចព្រមព្រៀងដោះស្រាយជម្លោះពាណិជ្ជកម្មត្រូវបានព្យួរជាលក្ខណៈឯកតោភាគី នៅក្នុងករណីមានបញ្ហាស្មុគស្មាញដោះស្រាយមិនចេញ៕