(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ កងទ័ពជើងទឹកអាមេរិកបានប្រកាសពី របាយការណ៍ស៊ើបអង្កេតអំពី ឧបទ្ទវហេតុនាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut ដោយអះអាងថា នាវាមុជទឹកនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារបានបុកគ្នាជាមួយ “ភ្នំលើបាតសមុទ្រដែលមិនដឹងឈ្មោះ” មួយ។ ប៉ុន្តែ របាយការណ៍ដែលត្រូវដាក់ចេញយ៉ាងយឺតយ៉ាវនេះ មិនបានធ្វើការបកស្រាយយ៉ាងច្បាស់ពីបញ្ហាជាគន្លឹះដូចជា គោលបំណងធ្វើនាវាចរណ៍នៃនាវាមុជទឹក កន្លែងកើតហេតុការណ៍ តើបានបណ្តាលឱ្យកើតការធ្លាយនុយក្លេអ៊ែរឬអត់ និងតើបានបំផ្លាញដល់បរិស្ថានសមុទ្រ នៃតំបន់សមុទ្រចិនខាងត្បូងឬអត់ជាដើម។ អ្នកផងទាំងពួងនឹងសួរថា កងទ័ពអាមេរិកបានបិទបាំងអ៊ីចឹង តើពួកគេចង់លាក់បាំងអ្វី?

ដើម្បីគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង និងសុវត្ថិភាពនៃផ្លូវនាវាចរណ៍អន្តរជាតិ ភាគីអាមេរិកចាំបាច់ត្រូវឆ្លើយតបសំណួរពីរ ដែលមជ្ឈដ្ឋានខាងក្រៅយកចិត្តទុកដាក់បំផុតគឺ៖

ទីមួយ៖ តើនាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut បានធ្វើនាវាចរណ៍មកដល់តំបន់នេះក្នុងគោលបំណងអី?

ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកបានអនុវត្តអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” បានធ្វើសកម្មភាពយោធាជាញឹកញាប់ នៅតំបន់សមុទ្រចិនខាងត្បូង ដោយយក “សេរីភាពខាងនាវាចរណ៍” ធ្វើជាលេស។ តាមស្ថិតិពាក់ព័ន្ធបានបង្ហាញថា គិតមកទល់ចុងខែកក្កដា កងទ័ពអាមេរិកបានស៊ើបការណ៍នៅជិតលំហអាកាស និងលំហសមុទ្ររបស់ប្រទេសចិនជិត ២,០០០លើក ។ អ្នកផងសុទ្ធតែអាចឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកញុះញង់បំបែកបំបាក់អ្នកដទៃក្នុងតំបន់ ដោយប្រើ “សមុទ្រចិនខាងត្បូង” ជាសន្លឹកបៀ ប៉ុនប៉ងបង្ករឿងនៅតំបន់សមុទ្រចិនខាងត្បូង ដើម្បីស្វែងរកលេសសម្រាប់ឱ្យអាមេរិក ដាក់ពង្រាយកងកម្លាំងយោធាកាន់តែច្រើន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការវិភាគមួយចំនួនបានសម្គាល់ឃើញថា ក្នុងបរិបទដែលការប្រកួតប្រជែងរវាងចិន និងអាមេរិកមានភាពកាន់តែខ្លាំងឡើងៗ នាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut បានធ្វើនាវាចរណ៍ទៅដល់តំបន់នេះ គឺដើម្បីស៊ើបការណ៍សម្ងាត់យោធាកាន់តែច្រើនរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង។

ទីពីរ៖ តើឧបទ្ទវហេតុនាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut បានបណ្តាលឱ្យមានការធ្លាយនុយក្លេអ៊ែរ?

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា បន្ទាប់ពីកើតឧបទ្ទវហេតុនេះ ក្បួននាវាចម្បងប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ធ្លាប់ចេញផ្សាយសេចក្តីថ្លែងការណ៍ថា បរិក្ខារដើរដោយថាមពលនុយក្លេអ៊ែររបស់នាវាមុជទឹកនេះ មិនបានរងផលប៉ះពាល់នោះទេ នៅតែអាចដំណើរការជាប្រក្រតីដដែល។ ប៉ុន្តែអ្វីដែលប្លែកពីធម្មតាគឺ ពេលថ្មីៗកន្លងទៅនេះ កងទ័ពអាមេរិកបានចាត់បញ្ជូន យន្តហោះស៊ើបការណ៍នុយគ្លេអ៊ែរ WC-135w ទៅស៊ើបការណ៍នៅសមុទ្រចិនខាងត្បូង។

កាសែត South China Morning Post បានប៉ាន់ស្មានថា ទង្វើនេះគឺដើម្បីពិនិត្យអង្កេតពីបញ្ហាថា តើឧបទ្ទវហេតុលើកនេះ បានបណ្តាលឱ្យមានការធ្លាយនុយគ្លេអ៊ែរឬអត់។ តាមការទម្លាយនៃប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨៣ សហរដ្ឋអាមេរិកធ្លាប់កើតឧបទ្ទវហេតុធំ ពិសេសដែលពាក់ព័ន្ធនឹងអាវុធនុយគ្លេអ៊ែរសរុប ២៣៣ លើក។ ក្នុងនាមជាប្រទេសដែលមាន កំណត់ត្រាខាងសុវត្ថិភាពនុយគ្លេអ៊ែរដ៏អាក្រក់ណាស់ ភាគីអាមេរិកចាំបាច់ត្រូវបង្ហាញពីភស្តុតាង ដើម្បីបកស្រាយទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពីសភាពការណ៍បរិស្ថាន នៃលំហសមុទ្រជុំវិញកន្លែងកើតហេតុ។

ការកើតឧបទ្ទវហេតុនាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut លើកនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិឃើញច្បាស់ម្តងទៀតថា ប្រទេសមហាអំណាចតែមួយគត់លើទូទាំងពិភពលោក ដែលឃោសនាបំប៉ាងយ៉ាងគឃ្លើន ពីការគំរាមកំហែងរបស់ប្រទេសផ្សេងទៀត គឺជាប្រភពនៃគ្រោះចង្រៃធំបំផុត ដែលបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៃតំបន់សមុទ្រចិនខាងត្បូង។ ជុំវិញចំណុចសង្ស័យជាច្រើននៃឧបទ្ទវហេតុនេះ កងទ័ពអាមេរិកចាំបាច់ត្រូវផ្តល់ការបកស្រាយមួយ!៕ (#CCFR Comment#)