(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក នៅទីបំផុតទៅ បានបោះឆ្នោតអនុម័តជាផ្លូវការហើយលើកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ ១.២ទ្រីលានដុល្លារ ដែលនេះជា ជោគជ័យដ៏ធំមួយនៃរបៀបវារៈនយោបាយនៅក្នុងស្រុករបស់លោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងការបោះឆ្នោតកាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) សមាជិកសភាតំណាងរាស្ត្រអាមេរិក បានបោះឆ្នោតគំាទ្រលើកញ្ចប់ថវិកាខាងលើក្នុងសំឡេងគាំទ្រ ២២៨ ទល់នឹង ២០៦សំឡេងជំទាស់ ដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន១៣នាក់បានបោះឆ្នោតគាំទ្រកញ្ចប់ថវិកាហេដ្ឋារចនា សម្ព័ន្ធរបស់លោក ចូ បៃដិន។

គួរបញ្ជាក់ថា នៅក្នុងកញ្ចប់ថវិកា ១.២ទ្រីលានដុល្លារសម្រាប់រយៈពេល៨ឆ្នាំ ក្នុងនោះរួមមាន ១១០ពាន់លានដុល្លារដែលនឹងប្រើប្រាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធដូចជាផ្លូវ, ស្ពាន និងគម្រោងធំៗដទៃទៀត។ កញ្ចប់ថវិកានេះក៏ទទួលបានការអនុម័តរួចហើយដែរពីព្រឹទ្ធសភាអាមេរិកកាលពីខែសីហាកន្លងទៅ ហើយក្រោយ ការអនុម័តរបស់សភាតំណាងរាស្ត្រអាមេរិក សេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកានេះនឹងត្រូវបញ្ជូនឱ្យលោក ចូ បៃដិន ចុះហត្ថលេខាដើម្បីឱ្យវាក្លាយជាទៅជាច្បាប់ ជាផ្លូវការ៕