(ប៉េកាំង)៖ ពិព័រណ៍នាំចូលចិនអន្តរជាតិដែលប្រារព្ធធ្វើមួយឆ្នាំម្តងនៅដើមខែវិច្ឆិកា ជាវេទិកាដ៏សំខាន់មួយដែលផ្តួចផ្តើមនិងជំរុញផ្ទាល់ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន គឺជាការសម្រេចចិត្តដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិនសម្រាប់ជំរុញការបើកទូលាយជុំថ្មី របស់ប្រទេសចិន និងជាវិធានការដ៏សំខាន់ដែលប្រទេសចិន បើកទូលាយទីផ្សារដោយម្ចាស់ការចំពោះពិភពលោក ដោយបានគួបផ្សំយ៉ាងស៊ីចង្វាក់គ្នាជាមួយគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលជាការចែករំលែកធនធានទីផ្សារ និងកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ប្រទេសចិនជាមួយពិភពលោកទាំងមូល។

៣ឆ្នាំកន្លងមក ពិព័រណ៍នាំចូលចិនអន្តរជាតិទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ពិសេសបើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ ក្តី តែពិព័រណ៍នេះនៅតែបាន ដំណើរការយ៉ាងរលូនក្រោមការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសនិងតំបន់ជាមិត្ត ជាដៃគូរបស់ចិននៅទូទាំងពិភពលោក ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់សហគមន៍អន្តរជាតិក្នុងការគាំពារពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការបើកទូលាយទីផ្សារ។

ជាក់ស្តែង តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន នៅ៣ត្រីមាសដើមឆ្នាំ២០២១នេះ ទំហំនាំចេញនាំចូលរវាងប្រទេសចិនជាមួយអាស៊ានត្រូវជា ៤.០៨ ទ្រីលានយាន់ ប្រាក់ចិន កើនឡើង ២១.១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ពោលគឺអាស៊ាននៅតែស្ថិតក្នុងឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ចិន ដែលមានអនុបាត ១៤.៤% ក្នុងទីផ្សារចិន។

ជាពិសេសនៅក្នុងឆ្នាំ២០២០ កន្លងទៅ បើទោះបីជារងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ ក្តី ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិននៅតែបន្តកើនឡើង ១.៤% ដដែល ពោលគឺសម្រេចបាន ៩,៥៦០ លានដុល្លារអាមេរិក។ ដោយឡែក បើតាមការបញ្ជាក់របស់លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថាទំហំ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនសម្រេចបានជិត ៥,០០០ លានដុល្លារអាមេរិក កើនឡើង ៣១% ក្នុងរយៈពេលខែ ៦ ដើមឆ្នាំ២០២១នេះ។

អស់កាលជាយូរកន្លងមក ដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបគឺ សហរដ្ឋអាមេរិក ប៉ុន្តែក្នុងបរិបទជំងឺកូវីដ ១៩ និងក្រោមការជំរុញនៃគោលនយោបាយ កំណែទម្រង់ និងបើកទូលាយក្នុងកម្រិតខ្ពស់របស់ប្រទេសចិន នៅឆ្នាំ២០២០កន្លងទៅនេះ ប្រទេសចិនបានជំនួសឱ្យសហរដ្ឋអាមេរិកក្លាយទៅជាដៃគូពាណិជ្ជកម្មធំ បំផុតរបស់សហភាពអឺរ៉ុប ដោយក្នុងនោះប្រទេសចំនួន ២៧ នៅសហភាពអឺរ៉ុបបាននាំចូលទំនិញចិនក្នុងតម្លៃ ៣៨៣,៥០០ លានអឺរ៉ូ កើនឡើង ៥.៦% ចំណែក ប្រទេសចិនបាននាំចូលទំនិញពីសហភាពអឺរ៉ុបក្នុងទំហំ ២០២,៥០០ លានអឺរ៉ូ កើនឡើង ២.២ %។

ជាពិសេសគឺនៅខែកញ្ញាឆ្នាំ២០២០ ប្រទេសចិននិងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពីផលិតផលសម្គាល់ភូមិសាស្ត្រទំនិញរវាងចិន និងអឺរ៉ុប» ដែលជាកម្លាំងចលករថ្មីសម្រាប់ជំរុញផលិតផលកសិកម្មគុណភាពខ្ពស់របស់ភាគីទាំងពីរឱ្យចូលទៅទីផ្សាររបស់គូភាគី ដោយកាន់តែងាយស្រួល និងឆាប់រហ័សដែល បាននាំមកនូវផលប្រយោជន៍ថ្មីជូនដល់ប្រជាជននៃភាគីទាំងពីរ។

បច្ចុប្បន្ន កសិផលជាច្រើនរបស់ប្រទេសកម្ពុជាបានបង្ហាញវត្តមាន ក្នុងទីផ្សារចិន និងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ចិន។ ផលិតផលកសិកម្មកម្ពុជា បានក្លាយជាអាហារដ៏មានឱជារសនៅលើតុអាហារ របស់ជនជាតិចិនទូទៅ ពោលគឺផលិតផលសម្គាល់ភូមិសាស្ត្រទំនិញរបស់ កម្ពុជាទាំងនេះបានរួមចំណែកដល់ ការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅក្នុងប្រទេសចិន។ ជាការពិតណាស់ យើងអាចប្រមើលឃើញថាបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ចូលជាធរមាន នឹងមានផលិតផលរបស់កម្ពុជាកាន់តែច្រើនឡើងៗ ចូលទៅទីផ្សារចិន ដែលនឹងញ៉ាំងឱ្យប្រជាជនចិនកាន់តែច្រើនឡើងៗ បានស្គាល់ពីផលិតផលខ្មែរ ដែលមិនត្រឹមតែជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃ ប្រទេសទាំងពីរកម្ពុជានិងចិនទៀតផង។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទីផ្សាររបស់ប្រទេសចិនគឺប្រកបដោយសក្តានុពល ដ៏ធំធេងដែលមិនអាចមើលរំលងបាន ដែលហាក់ដូចជាមេដែកក៏មានកម្លាំងទាក់ទាញដែល កំពុងស្រូបទាញក្រសែចក្ខុរបស់វិនិយោគិននៃបណ្តាប្រទេសនានាលើពិភពលោក។

ស្របនឹងការធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់នូវច្បាប់វិនិយោគរបស់ចិន បរិយាកាសពាណិជ្ជកម្ម និងវិនិយោគរបស់ចិនមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើនថែមទៀតសម្រាប់ចែក រំលែកជាមួយពិភពលោក ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានលើកឡើងថា «ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសនានា ដើម្បីបង្កើតកាលានុវត្តភាពថ្មីតាមរយៈការបើកទូលាយ ដោះស្រាយបញ្ហាលំបាកតាមរយៈកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាដើម្បីបង្កើតអនាគតកាន់តែល្អ បវររបស់មនុស្សជាតិទាំងមូល!»

( ដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន )