(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨១,០៣៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១៤៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៧,១៨៧,២៥៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៧២,៣១៥នាក់ និងជាសះស្បើយឡើងសរុប ៣៧.២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងកំណត់ឲ្យកម្មករតាមក្រុមហ៊ុននានា នៅទូទាំងសហរដ្ឋអាមេរិក ដែលមានបុគ្គលិកយ៉ាងហោចណាស់ចាប់ពី ១០០នាក់ឡើងទៅ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬត្រូវបានធ្វើតេស្តរៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤២៥លានដូស ក្នុងនោះប្រជាជន ២២២.២៦លាននាក់ (៦៧.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៩១.៥៣លាននាក់ (៥៨.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕