(លីសបោន)៖ ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះប្រកាសពីការសម្រេចរំលាយសភាចោល ហើយនឹងរៀបចំការបោះឆ្នោតសកលថ្មីមួយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់លោក de Sousa ធ្វើឡើងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ។ បើតាមលោក de Sousa ការសម្រេចចិត្តរំលាយសភា និងរៀបចំការបោះឆ្នោតជាថ្មី ធ្វើឡើងក្នុងគោលបំណងដោះស្រាយវិបត្តិនយោបាយ បន្ទាប់ពីកញ្ចប់ថវិការដ្ឋឆ្នាំ២០២២ ស្នើឡើងដោយរដ្ឋាភិបាលនៃគណបក្ស សង្គមនិយម Socialist Party (PS) ត្រូវបានសភាទាត់ចោលកាលពីខែតុលាកន្លងទៅនេះ។

នេះគឺជាលើកដំបូងហើយក្នុងរយៈពេល៤៥ឆ្នាំមកនេះ ដែលសភាជាតិព័រទុយហ្កាល់ច្រានចោលកញ្ចប់ថវិការដ្ឋ (State Budget)។ មិនតែប៉ុណ្ណោះ វិបត្តិនយោបាយនេះក៏ជាលើកដំបូងដែរសម្រាប់រដ្ឋាភិបាលព័រទុយហ្កាល់បច្ចុប្បន្ន ក្រោយប្រទេសមួយនេះសម្រេចចិត្តទទួលយកលទ្ធិប្រជាធិបតេយ្យកាលពី
ឆ្នាំ១៩៧៤មក៕