(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាជាប់ជានិច្ច ក្នុងការបន្តអនុវត្តទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ទៅលើប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រៅពីការប្រកាសអំពីគោលជំហរឥតងាករេរបស់ខ្លួន សហរដ្ឋអាមេរិកក៏ជំរុញសមាជិកអង្គការសហប្រជាជាតិ (UN) ឯទៀតៗ ឲ្យធ្វើដូចគ្នានេះផងដែរ ដើម្បីទប់ស្កាត់ប្រទេសកូរ៉េខាងជើង មិនឲ្យមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកបន្ថែមទៀត។

គួរបញ្ជាក់ថា ការលើកឡើងពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រទេសចិន និងរុស្ស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដោយរំលឹកឡើងវិញនូវចេតនា កាលពីឆ្នាំ២០១៩ ដើម្បីដកបម្រាមលើការនាំចេញទំនិញជា រូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង ហើយឈានទៅអនុញ្ញាតការនាំចូលប្រេង ទៅកាន់កូរ៉េខាងជើងបន្ថែមទៀតផងដែរ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក មិនបានពន្យល់អំពីដំណើរការផ្ទៃក្នុងរបស់ UNSC នោះឡើយ ប៉ុន្តែលោកបានលើកឡើងអំពី ជំហរឥតងាករេមួយទៀតរបស់សហរដ្ឋអាមេរិក នោះគឺការដោះស្រាយបញ្ហានានាជាមួយកូរ៉េខាងជើង តាមរយៈមធ្យោបាយការទូត។ យ៉ាងណាក៏ដោយ កន្លងមកនេះទីក្រុងព្យុងយ៉ាង បានច្រានចោលចេតនាស្នើសុំកិច្ចសន្ទនា ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ដោយចោទថា អាមេរិកតែងតែបង្កអរិភាព ឬគ្មានភាពស្មោះត្រង់ក្នុងការចរចានោះឡើយ៕